(ភ្នំពេញ)៖ ពិធីបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី ជំនាន់ទី៤ និងក្រមនីតិវិធីរដ្ឋប្បវេណី វគ្គ៦ នៃកម្មវិធីវិភាគទានច្បាប់ បានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) ក្រោមអធិបតីភាពលោកស្រី ទេព កូលាប សាកលវិទ្យាធិការ។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីលោកស្រី ព្រះរាជអាជ្ញាជប៉ុន FUKUOKA FUMIE ប្រធានទីប្រឹក្សាច្បាប់ ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ និងតុលាការ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA រួមទាំង លោកស្រីចៅក្រម SA YOSHIE និងលោកមេធាវី SHINODA YOICHIRO រូមទាំងមានការចូលរួមពី
សមាជិក សមាជិកា វិភាគទានច្បាប់ ចំនួន ១៣០នាក់ ។
កម្មវិធីនៅថ្ងៃនេះ គឺជាការបើកវគ្គបណ្តុះបណ្តាលថ្មីរបស់ វិភាគទានច្បាប់ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិក ផ្តោតលើការសិក្សាច្បាប់សារធាតុ (ក្រមរដ្ឋប្បវេណី) និងច្បាប់ទម្រង់ (ក្រមនីតិវិធីរដ្ឋប្បវេណី)។
វគ្គសិក្សាអំពីច្បាប់សារធាតុ ជាវគ្គសិក្សារយៈពេលវែង(មួយឆ្នាំ) ផ្តោតលើការសិក្សាទូទៅ ទាក់ទងនឹងក្រមរដ្ឋប្បវេណី ជាវត្តមួយដែលផ្តល់
ឱកាសឱ្យនិស្សិតច្បាប់ចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ គ្រប់សាកលវិទ្យាល័យ ប្រឡងប្រជែងដើម្បីទទួលបានកន្លែងចូលរៀន ហើយជាលទ្ធផល ទទួលបានជយលាភីចំនួន៥០នាក់ ។
វត្តសិក្សានេះ បង្រៀនដោយ លោកស្រីមេធាវី ទេព បូផល លោកមេធាវី អ៊ី ប៉ូលី រួមទាំងជំនាញការជប៉ុន លោកមេធាវី SHINODA YOICHIRO។ ចំពោះវគ្គសិក្សាអំពីច្បាប់ទម្រង់ (ក្រមនីតិវិធីរដ្ឋប្បវេណី) ជាវគ្គសិក្សាដែលមានរយៈពេលខ្លី (ចាប់ពី៣០ ម៉ោងទៅ៤០ម៉ោង) លើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ការរៀបចំពាក្យបណ្ដឹង ការអនុវត្តដោយបង្ខំចំពោះអចលនវត្ថុ ហើយសម្រាប់វគ្គ៦នេះ ផ្តោតលើប្រធានបទ «ការចាត់ចែង រក្សាការពារ» ដែលមានលោកមេធាវី អ៊ីវ ប៉ូលី ជាអ្នកបណ្តុះបណ្តាល ហើយវគ្គនេះបង្កើតឡើង សម្រាប់អ្នកវិជ្ជាជីវៈច្បាប់ (ដែលមានសមាជិកចំនួន៥៩នាក់ បុរស៤៣ នាក់នារី១៦នាក់) ដែលមានបំណងបំពេញបន្ថែម នូវអ្វីដែលជាការវិឌ្ឍន៍ថ្មីរបស់ច្បាប់ និងការស្វែងយល់អំពីទម្រង់នៃពាក្យសុំទាំងអស់ នៅក្នុងនីតិវិធីចាត់ចែងរក្សាការពារ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែល្អប្រសើរ និងមានភាពរលូន។
ក្នុងឱកាសនោះ លោកស្រី FUKUOKA FUME បានថ្លែងថា លោកស្រីគាំទ្រសកម្មភាពរបស់ វិភាគទានច្បាប់ ពីព្រោះ វិភាគទានច្បាប់ ជាកម្មវិធីដែលផ្សព្វផ្សាយច្បាប់រដ្ឋប្បវេណី ឬធ្វើការបណ្តុះបណ្តាលបមុនគេ និងប្រកបដោយគុណភាព ។
លោកស្រីថ្លែងបន្ដថា លោកស្រី នឹងចូលរួមចំណែកជាមួយ វិភាគទានច្បាប់ ឱ្យអស់ពីលទ្ធភាព ក្នុងគោលបំណងឱ្យការផ្សព្វផ្សាយច្បាប់ កាន់តែមានប្រសិទ្ធភាព ដល់ប្រព័ន្ធយុត្តិធម៌ និងប្រជាជនកម្ពុជា ។
ទន្ទឹមនឹងនោះ លោកស្រី ទេព កូលាប ក៏ថ្លែងផងដែរថា លោកស្រី នៅតែបន្តសកម្មភាពគាំទ្រ វិភាគទានច្បាប់ តាមរយៈការអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាកលវិទ្យាល័យ ដោយមិនយកកម្រៃ ក្នុងគោលដៅ ឱ្យការយល់ដឹង អំពីច្បាប់កាន់តែល្អប្រសើរ និងផ្តល់ប្រយោជន៍ សម្រាប់និស្សិតច្បាប់ ដែលមានបំណងក្លាយខ្លួនជាអ្នកវិជ្ជាជីវៈច្បាប់ ។
លោកស្រីស្ថាបនិក បានថ្លែងអំណរគុណចំពោះ លោកស្រី លោ កុលាប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមកម្មវិធី និងបានផ្តល់ទីតាំង សម្រាប់ប្រារព្វពិធីបើកវត្តនេះ។ ក្រៅពីនោះ លោកស្រីស្ថាបនិក បានថ្លែងអំណរគុណ ចំពោះជំនាញការជប៉ុន ដែលបានចូលរួម និងបានធ្វើការ
បណ្តុះបណ្តាលសមាជិក សមាជិកា វិភាគទានច្បាប់ រួមទាំងវត្តមានរបស់សមាជិក សមាជិកា ដែលបាន ចូលរួមនៅថ្ងៃនេះ៕