(កំពង់ចាម)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បង្ក្រាបបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូ និងធ្លាប់ធ្វើសកម្មភាពបានសម្រេចចំនួន៥លើក ក្នុងភូមិសាស្ដ្រក្រុងកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម បានចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រស្មុគស្មាញ និងងាយរងគ្រោះ ក្នុងក្រុងកំពង់ចាម ពេលល្បាតមកដល់ចំណុច សាលាកសិកម្ម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក៏ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ និងមធ្យោបាយដែលមានភិនភាគ ធ្លាប់ធ្វើសកម្មភាពលួចកាច់សោរម៉តូកន្លងមក ហើយជាប់រូបភាពក្នុងកាមេរ៉ាសុវត្ថិភាព បម្រុងធ្វើសកម្មភាពលួចកាច់សោរម៉ូតូបន្តទៀត។
លោកស្នងការរង ហេង វុទ្ធី បានបញ្ជាក់ទៀតថា ភ្លាមនោះសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យ ជាលទ្ធផលជនសង្ស័យឈ្មោះ សុខ សុភ័ក្ត្រ អាយុ២៣ឆ្នាំ មានទីលំនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឧបករណ៍សម្រាប់កាច់សោរកម៉ូតូនៅជាប់ខ្លួន និងឈ្មោះ ឈន ម៉ារ៉ា អាយុ៤១ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានឧបករណ៍សម្រាប់កាច់សោរម៉ូតូជាប់ខ្លួន។
បន្ទាប់មកសមត្ថកិច្ចជំនាញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ និងបានដកហូតមធ្យោបាយម៉ូតូចំនួន០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1HO-7121, ស្លាកលេខម៉ូតូចំនួន១ កំពង់ស្ពឺ1K-9459 និងឧបករណ៍សម្រាប់កាច់សោរកម៉ូតូ យកមកកាន់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរតាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពថា កន្លែងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ នៅក្នុងក្រុងកំពង់ចាម បានចំនួន០៥លើក គឺលើកទី១៖កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លួចកាច់សោរកម៉ូតូ នៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម, លើកទី២៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លួចកាច់សោរកម៉ូតូ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម, លើកទី៣៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ លួចកាច់សោរកម៉ូតូ នៅចំណុចភូមិ២ សង្កាត់វាលវង់ ក្រុងកំពង់ចាម, លើកទី៤៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់សណង់ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងលើកទី៥៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ប៉ុនប៉ងលួចម៉ូតូ នៅចំណុចសាលាកសិកម្ម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ពេលធ្វើសកម្មភាពលួចម៉ូតូបានហើយ ពួកខ្លួនបានយកទៅលក់ឲ្យឈ្មោះ ប្រុស ខ្មៅ នៅផ្សារអូរឬស្សី ដោយណាត់ជួបតាមរយៈទូរស័ព្ទ លក់ចំណុចដងផ្លូវគីរីរម្យ រាជធានីភ្នំពេញ៕