(ភ្នំពេញ)៖ លោក វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រៀបចំក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអេស្តូនា ក្រោមប្រធានបទស្តីអំពី «រដ្ឋាភិបាលឌីជីថល និងការបណ្តុះធុរកិច្ចថ្មី» កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសិក្សាស្វែងយល់អំពី កិច្ចការរៀបចំរដ្ឋាភិបាលឌីជីថល និងសារៈសំខាន់របស់រដ្ឋាភិបាលឌីជីថល ក្នុងការរុញច្រានកំណើននៃសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងជាប្រភពកំណើនថ្មី សម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីប្រមូលធាតុចូល និងដកស្រង់បទពិសោធន៍ សម្រាប់ជាមូលដ្ឋានក្នុងរៀបចំ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

គួរបញ្ជាក់ដែរថា សាធារណៈរដ្ឋអេស្តូនា មានទីតាំងស្ថិតនៅភាគខាងជើងនៃទ្វីបអឺរ៉ុប, ថ្វីត្បិតជាប្រទេសតូច ប៉ុន្តែអេស្តូនាបានកសាង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល​ឌីជីថលរឹងមាំ និងជឿនលឿន ដែលបានផ្តល់មូលដ្ឋានគ្រឹះគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច អេស្តូនា ឱ្យក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ អេស្តូនាបានចាប់ផ្តើមអនុវត្តន៍ អភិបាលកិច្ចអេឡិចត្រូនិក(E-governance) តាំងពីឆ្នាំ១៩៩៧ និងបានរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈ មានលក្ខណៈអេឡិចត្រូនិក ជាបន្តបន្ទាប់ដូចជា Digital ID, E-tax, X-Road, i-Voting, E-health និង E-residency ជាដើម។

ក្នុងដំណើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានទស្សនា និងផ្លាស់ប្តូរយោបល់ជាមួយស្ថាប័នសំខាន់ៗ របស់ប្រទេសអេស្តូនា។ គណៈប្រតិភូកម្ពុជា បានទស្សនាមជ្ឈមណ្ឌលចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យា, ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ក្រសួងយុត្តិធម៌ ព្រមទាំងបានស្វែងយល់អំពីប្រព័ន្ធ ចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ (E-business registration), ក្របខ័ណ្ឌគតិយុត្តនៃសេដ្ឋកិច្ចឌីជីថល, ប្រព័ន្ធគ្រប់គ្រងឯកសារ និងប្រព័ន្ធគ្រប់គ្រងសំណុំរឿងក្តីជាដើម។ ទន្ទឹមនេះ គណៈប្រតិភូក៏បានទស្សនាអាជ្ញាធរអត្តសញ្ញាណកម្ម ដោយបានដកពិសោធន៍ជាក់ស្តែង អំពីការគ្រប់គ្រងសុវត្ថិភាព តាមប្រព័ន្ធអ៊ីនធឺណែត ការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប័ណ្ណ ប្រជាជនតាមអេឡិចត្រូវនិក (Digital ID), អត្តសញ្ញាណលេខទូរស័ព្ទ, ប័ណ្ណស្នាក់នៅរបស់ប្រជាជនក្នុងស្រុក និងទិដ្ឋការស្នាក់នៅ របស់ជនបរទេសជាដើម។

លើសពីនេះ គណៈប្រតិភូក៏បានទស្សនា ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងអាជ្ញាធរប្រព័ន្ធព័ត៌មានវិទ្យារដ្ឋ ដោយបានស្វែងយល់ពីប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលបែបឌីជីថលមានដូចជា៖ ប្រព័ន្ធ E-Consultation, ប្រព័ន្ធ E-Cabinet, ប្រព័ន្ធគ្រប់គ្រង និងអនុម័តឯកសារតាមអេឡិចត្រូនិក។ ទាំងនេះសុទ្ធតែជាប្រព័ន្ធទំនើបកម្ម រដ្ឋបាលសាធារណៈ ដែលជាថ្នាលបង្កើត និងបណ្តុះបរិយាកាស សេដ្ឋកិច្ចឌីជីថល។

ជាចុងបញ្ចប់ រដ្ឋាភិបាលឌីជីថល ពិតជាដើរតួនាទីសំខាន់ ក៏ដូចជាសមាសធាតុធាតុគន្លឹះ នៃការរៀបចំកសាងបរិយាកាស និងក្របខ័ណ្ឌសម្រាប់សេដ្ឋកិច្ចឌីជីថល។ កិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលឌីជីថល គឺជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ នៅក្នុងដំណាក់កាលបឋម នៃការរៀបចំក្របខ័ណ្ឌ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ដូចនេះ គណៈប្រតិភូកម្ពុជា អាចសន្និដ្ឋានបានថា ដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអេស្តូនាលើកនេះ ពិតជាសម្រេចបានជោគជ័យ ប្រកដោយផ្លែផ្កា ដោយក្រុមការងារ បានប្រមូលធាតុចូលជាច្រើន ពាក់ព័ន្ធនឹងការកសាងរដ្ឋាភិបាលឌីជីថល ដែលនឹងត្រូវដាក់បញ្ចូល ទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជា នាពេលអនាគត៕