(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេស និងវិជា្ជជីវៈជូនដល់និស្សិតជ័យលាភី នៃវិទ្យាស្ថានអាស៊ីកម្ពុជាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងក្រចេះ ខេត្តក្រចេះ។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលតែងបានកំណត់យក ការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្ត កែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញ សម្រាប់ទីផ្សារការងារទាំងក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសក្នុង បរិការណ៍នៃបដិវត្តន៍ ឧស្សាហកម្មទី៤ ដែលនឹងនាំមកនូវទាំងកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកបានបញ្ជាក់ថា «ការរីកចម្រើនរបស់ប្រទេសមួយសំខាន់លើការវិនិយោគលើធនធានមនុស្ស ដែលជាវិស័យចម្បងនៅក្នុងការបង្កើតឱកាសនៃការអភិវឌ្ឍ។ យើងសម្រេចបានលទ្ធផលបាន ប៉ុណ្ណេះ គឺជាមោទនភាពរបស់ខ្មែរដែលធ្វើបានដោយខ្លួនឯង ដោយសារលទ្ធផល នៃការវិនិយោគធនធានមនុស្សតាំងពីឆ្នាំ១៨៨០។ យើងគួរតែមានមោទនភាពដែលប្រទេសយើង បានដើរមកដល់ពេលនេះ ហើយយុវជនមានឱកាសគ្រប់យ៉ាងដូចសព្វថ្ងៃនេះ»

លោក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា និយាយពីឱកាសសម្រាប់យុវជន គឺមាន៣ចំណុច៖
*ទី១៖ គឺការស្គាល់ និងស្វែងយល់ពីឱកាស
*ទី២៖ ការចាប់យកនិងប្រើឱកាស
*ទី៣៖ គឺការបង្កើតឱកាសដោយខ្លួនឯង។

លោកថា «យុវជនត្រូវសិក្សាស្វែងយល់ពីឱកាសដែលខ្លួនមាន គឺឱកាសសិក្សារៀនសូត្រ និងរស់នៅក្នុងសុខសន្តិភាព ប៉ុន្តែយុវជនត្រូវតែបង្កើនសមត្ថភាព និងប្រកួតប្រជែងដើម្បីទទួលបានឱកាស និងប្រើប្រាស់ឱកាសដែលខ្លួនមានឲ្យកាន់តែជោគជ័យ ដើម្បីគ្រប់គ្រងអនាគតយើង។ លើសពីនេះ ឱកាសយើងមានហើយ ចំណេះដឹងយើងមានហើយ ប៉ុន្តែយើងត្រូវមានសីលធម៌ គុណធម៌ ផ្នត់គំនិតនៅក្នុងខ្លួនដើម្បីគួបផ្សំជាមួយចំណេះដឹងដើម្បីផ្សាភ្ជាប់ការរីកចម្រើនរបស់សង្គម»៕