(ភ្នំពេញ)៖ សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាចុងសប្តាហ៍នេះ បានចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។
លោកស្រី ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេចទេអំពីសុខទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ព។ លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅកងទ័ព និងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅថ្ងៃនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះមកពិនិត្យនិងព្យាបាលជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅក្នុងយោធភូមិភាគពិសេស។
មេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ពតាមរយៈការឧបត្ថម្ភសម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគជូនដល់អង្គភាពនាពេលកន្លងមកព្រមទាំងបញ្ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលដល់កងទ័ពនិងគ្រួសារកងទ័ពនៅក្នុងអង្គភាពតែម្ដង។
លោកមេបញ្ជាការក៏បានថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោទាំងអស់ ដែលបានយកអស់ទាំងកម្លាំងកាយ ចិត្តជំនាញវិជ្ជាជីវៈ និងបេះដូងចុះព្យាបាលកងទ័ព និងគ្រួសារកងទ័ពនៅក្នុងអង្គភាពនេះ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះព្យាបាលបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងអង្គភាពនេះ ហើយថ្ងៃនេះ ក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្ត ចំនួន២៥០នាក់បានចុះពិនិត្យព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលគិតថ្លៃ រួមមានការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូផ្ទៃពោះ រោគស្ត្រី ព្យាបាលភ្នែក វះកាត់តូច សរុបចំនួន១៩៤៣នាក់ និងបញ្ជូនទៅព្យាបាលបន្តចំនួន៥៧ នាក់៕