(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៥៧ឆ្នាំហើយ ដែលកម្ពុជា ឈ្នះក្ដីលើភាគីថៃ ពាក់ព័ន្ធសំណុំរឿងប្រាសាទព្រះវិហារ ដែលអំណាចសាលដីកាកាលពី៥៧ឆ្នាំមុននោះ របស់តុលាការយុត្តិធម៌អន្តរជាតិ បានកំណត់ឲ្យភាគីថៃ ត្រូវតែដកយោធានិងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួន ចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។
សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ បានទុកពេល១០ឆ្នាំឲ្យភាគីថៃ តវ៉ាបើមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះទេ។ ចាប់តាំងពីអំណាចសាលដីកានេះ បានចូលជាស្ថាពរ គឺភាគីថៃពុំបានតវ៉ាអ្វីឡើយ។ ទាក់ទិនរឿងនេះក្នុងកិច្ចប្រជុំសភាថៃ កាលពីឆ្នាំ២០០៨ អតីតនាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែងថា ក្នុងចន្លោះនៃអំណាចសាលដីកានេះ គឺពុំមានអ្នកនយោបាយថៃ តវ៉ាប្រឆាំងសេចក្ដីសម្រេចនេះម្ដងណាឡើយ។ រីឯទង់ជាតិរបស់កម្ពុជាវិញ បានដាក់លើប្រាសាទព្រះវិហារនេះ ជាយូរឆ្នាំមកហើយដែលពុំមានការតវ៉ាអ្វីសោះ។
ផ្អែកតាមយុត្ថាធិការនៃអំណាចសាលដីកានេះ គឺក្នុងចន្លោះនៃការមិនតវ៉ាបានន័យថា ភាគីដែលទទួលបានសិទ្ធិគ្រប់គ្រងគឺជាម្ចាស់ដោយស្របច្បាប់។ ក្នុងរយៈពេល៤០ឆ្នាំក្រោយទើបថៃ បង្កើតតំបន់៤.៦គីឡូម៉ែត្រក្រឡា ជាឯកតោភាគី ដោយចាត់ទុកថា ដីនៅតំបន់ក្បែរប្រាសាទព្រះវិហារ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ថៃ។ ជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារនេះ ក៏បានកើតឡើងម្ដងទៀត កាលពីខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលទាហានថៃមួយចំនួនបានចូលឈ្លានពានទឹកដីខ្មែរមួយរយៈពេលខ្លី។
ជម្លោះប្រាសាទព្រះវិហារ បានកើតឡើងជាថ្មី នៅពេលភាគីថៃ បានចូលឈ្លានពាននៅឆ្នាំ២០០៨ បន្ទាប់ពីអង្គការយូណេស្កូ (NESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កងទ័ពកម្ពុជា និងថៃ បានផ្ទុះអាវុធជាច្រើនលើកបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសទាំងសង្ខាង។ ក្រោយពីមានជម្លោះយោធាដ៏តានតឹង កម្ពុជាសម្រេចបញ្ជូនសំណុំរឿងប្រាសាទព្រះវិហារ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យបកស្រាយសាលដីកាកាលឆ្នាំ១៩៦២ឡើងវិញ ក្នុងពេលដែលកម្ពុជា ទទួលបានជ័យជំនះម្ដងរួចមកហើយ កាលពីជាង៥០ឆ្នាំមុន ជុំវិញរឿងក្ដីប្រាសាទព្រះវិហារ លើភាគីថៃ។
តុលាការយុត្តិធម៌អន្តរជាតិនេះ ក៏បានប្រកាសសាលដីកាស្ដីពីប្រាសាទព្រះវិហារ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ភ្លាមដែរ ក្រោយពេលតុលាការនេះបានបើកសវនាការ ស្ដាប់ការបកស្រាយដោយផ្ទាល់មាត់ពីតំណាងរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីខែមេសា ឆ្នាំ២០១៣។ ដោយអំណាចសាលដីកានេះ គឺតុលាការបានបង្គាប់ឲ្យថៃ ត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ៕