(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ អ្នកលេង Facebook ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីម្សិលមិញថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយនៅក្នុងសវនាការសាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។
នៅក្នុងសវនាការ ជនជាប់ចោទ ផែង វណ្ណ: បានទទួលសារភាពកំហុសយ៉ាងដូច្នេះថា «ខ្ញុំពិតជាបានបរិហាកេរ្តិ៍ជាសាធាណ:ធ្វើឲ្យប៉ះពាល់កិត្តិយស ថ្នាក់ដឹកនាំកំពូលកិត្តិយស របស់អង្គភាព ព័ត៌មាន Fresh News ទាំងនេះដោយសារចិត្តឆេវឆាវនឹងការខឹងច្រឡោតទប់អារម្មណ៍មិនបាន នៅពេលកំពុង Live Facebook ដែលការនិយាយនោះ មិនបានព្រៀងទុក»។ ជនជាប់ចោទ ផែង វណ្ណ: បាននិយាយបន្តទៀតថា «ខ្ញុំនឹងធ្វើលិខិតដាច់ដោយឡែកមួយទៅកាន់អគ្គនាយកអង្គភាព Fresh News ដោយផ្ទាល់ដើម្បី សុំទោសគាត់»។
ដោយឡែកពាក់ពន្ធ័ករណីបរិហាកេរ្តិ៍ ប្តឹងដោយអង្គភាពព័ត៌មាន Fresh News ដែលបានចោទប្រកាន់ថា ចុះផ្សាយទាល់តែមានលុយ ចំណែករាស្ត្ររងទុក្ខ ទឹកភ្នែកទឹកសំបោរ Fresh News គេមិនផ្សាយទេ។ ជនជាប់ចោទ ផែង វណ្ណ: ក៏បានសារភាពនៅក្នុងសវនាការយ៉ាងដូច្នេះថា «គឺជាការខុសការពិត ព្រោះតាមពិតលោកក៏ជា Fan របស់ Fresh News ដែរ ហើយការងារច្រើនណាស់ ដែលអង្គភាព Fresh News បានធ្វើជួយដល់សង្គមកំហុសទាំងនេះដោយសារចិត្តឆេវឆាវ»។
ដោយសារការចេះទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខអង្គសវនាការថា ពិតជាបានប្រព្រឹត្តិនូវបទល្មើសដូចព្រះរាជអាជ្ញាចោទប្រកាន់ ដូច្នេះអង្គភាពព័ត៌មាន Fresh News សូមផ្លាស់ប្តូរនូវការទាមទាររបស់ខ្លួន ដែលពាក្យបណ្តឹងពីមុនទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ មកតែ១០០រៀលវិញ។
សូមជំរាបថា តុលាការប្រកាសសាលក្រមលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕