(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានផ្ដល់ជាគន្លឹះមួយចំនួនដល់និស្សិតដែលទើបបញ្ចប់ការសិក្សា ឬកំពុងត្រៀមខ្លួនចូលបម្រើការងារថា មិនត្រូវចេះតែជំនាញដែលខ្លួនបានរៀនមួយមុខនោះឡើយ តែត្រូវចេះទាំងជំនាញទន់ និងជំនាញរឹង។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិតសាកលវិទ្យាធិការ ធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមក្នុងកម្មវិធី ពិព័រណ៍ការងារលើកទី២ សាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
លោកបណ្ឌិត ជេត ជាលី បានឲ្យដឹងថា «ជាការផ្ដាំផ្ញើររបស់ខ្ញុំសម្រាប់និស្សិតថា ក្រុមហ៊ុនគេមិនជួលយើងទៅធ្វើការ ដោយសារតែយើងចេះតែជំនាញដែលបានរៀនមួយមុខនោះទេ ប៉ុន្ដែគេនឹងជួលយើងនៅពេលដែលយើងចេះជំនាញអ្វីៗផ្សេងទៀត ដោយចេះទាំងជំនាញរឹង និងជំនាញទន់»។
លោកបណ្ឌិតបន្ដថា ក្រៅពីនោះនិស្សិតត្រូវមានអត្តចរិត អាចធ្វើការចុះសម្រុងជាមួយគេបាន ព្រោះថានៅថ្ងៃខាងមុខយើងមិនអាចធ្វើការម្នាក់ឯងបានឡើយ តែត្រូវធ្វើការជាក្រុម និងត្រូវមានចំណេះដឹងមួយ ដែលយល់ច្បាស់។ ការប្រាស័្រយទាក់ទងក៏ចាំបាច់ផងដែរក្នុងការបម្រើការងារ នៅពេលដែលធ្វើការជាក្រុមមិនអាចនិយាយអ្វី តាមតែចិត្តខ្លួនឯងនោះឡើយ។
សូមជម្រាបថា ដើម្បីសម្រួលដល់និស្សិតក្នុងការស្វែងរកការងារធ្វើ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបពិព័រណ៍ការងារលើកទី២ ដោយមានការចូលរួមពីក្រសួងការងារ និងវិជ្ជាជីវៈ ព្រមទាំងក្រុមហ៊ុនជាច្រើនផងដែរ។
លោកបណ្ឌិតបានឲ្យដឹងថា គោលបំណងដែលសាកវិទ្យាល័យរៀបចំពិព័រណ៍ការងារនេះ ដើម្បីឲ្យនិស្សិត និងក្រុមហ៊ុនបានស្គាល់គ្នា និងដឹងថាក្រុមហ៊ុនត្រូវការអ្វី?, ក្រុមហ៊ុនត្រូវការមនុស្សបែបណា? ទទួលបានប្រាក់ខែបែបណាជាដើម។
លោកបណ្ឌិតបន្ថែមថា ពិព័រណ៍លើកទី១ ទទួលបានជោគជ័យជាច្រើន ជំរុញឲ្យសាកលវិទ្យាល័យ រៀបចំកម្មវិធីនេះជាលើកទី២ ហើយពិព័រណ៍នេះបានជួយច្រើន ដល់ប្អូនៗនិស្សិត ព្រមទាំងក្រុមហ៊ុនផងដែរ។
លោក មឿន ចាន់ន្រ្ទា តំណាងនិស្សិតរៀបចំកម្មវិធីពិព័រណ៍ការងារឲ្យដឹងថា កម្មវិធីនេះរៀបចំឡើង ដើម្បីឲ្យនិស្សិតដែលទើបបញ្ចប់ការសិក្សា ក្នុងខែមិថុនានេះបានដាក់ពាក្យធ្វើការ និងដើម្បីឲ្យនិស្សិតកំពុងសិក្សាបានស្វែងយល់ផងដែរ។
លោកបន្ថែមថា កាលពីឆ្នាំទៅមានការចូលរួមច្រើន ពីសំណាក់ក្រុមហ៊ុន និងនិស្សិត។ បន្ទាប់ពីទទួលបានជោគជ័យ លើការងារនេះទើបជំរុញឲ្យសាកវិទ្យាល័យរៀបចំជាលើកទី២៕