(តាជីគីស្ថាន)៖ ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅលើទឹកដីតាជីគីស្ថាន, នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាហម៉ុន (EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថាន។
លោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកប្រធានាធិបតី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមសន្និសីទកំពូល CICA នៅតាជីគីស្ថាន។ លោកប្រធានាធិបតី បានបង្ហាញបំណងប្រាថ្នាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានាធិបតីតាជីគីស្ថាន ដែលបានអញ្ជើញសម្តេចចូលរួមក្នុងកិច្ចប្រជុំ CICA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងមូល។
សម្តេចនាយករដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រធានាធិបតីតាជីគីស្ថាន ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CICA។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីតាជីគីស្ថាន បានពិភាក្សាទៅលើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា កម្ពុជា និងតាជីគីស្ថាន បានចុះហត្ថលេខាក្នុងការកសាងទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥មក តែរហូតមកដល់ពេលនេះមិនទាន់មានកិច្ចសហប្រតិបត្តិការល្អប្រសើរនៅឡើយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងជាការផ្តួចផ្តើមចំនួន៣ ដើម្បីពួនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ គំនិតផ្តួចផ្តើមទាំង៣នោះរួមមាន៖
១៖ ស្នើសុំឱ្យមានការតែងតាំងឯកអគ្គរាជកម្ពុជានៅប្រទេសតាជីគីស្ថាន ហើយតាជីគីស្ថានតែងតាំងឯកអគ្គរដ្ឋទូតនៅកម្ពុជាផងដែរ។ ជាមួយសំណើនេះ សម្តេចតេជោ ក៏បានសម្រេចតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងមូស្គូ ប្រទេសរុស្សុី ជាឯកអគ្គរាជទូតប្រចាំប្រទេសតាជីគីស្ថាន។
ទី២៖ ស្នើឱ្យក្រសួងការបរទេសប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីឱ្យមានកិច្ចពិគ្រោះនយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ។ ជាពិសេសដើម្បីពិនិត្យមើលអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍។ល។
ទី៣៖ ស្នើសុំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីបានពិគ្រោះយោបល់គ្នា និងយល់ដឹងគ្នាកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ បានគោរពអញ្ជើញប្រធានាធិបតីតាជីគីស្ថានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតាមពេលវេលាសមស្រប។
ប្រធានាធិបតីតាជីគីស្ថាន បានឯកភាពទាំងស្រុងលើគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែ។ ពាក់ព័ន្ធការជំរុញក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម ការវិនិយោគរួមគ្នា ជាពិសេសក្នុងវិស័យឧស្សាហកម្មនោះ, លោកប្រធានាធិបតីតាជីគីស្ថាន បានបញ្ជាក់ថា តាជីគីស្ថាន មានបំណងនាំចូល និងទិញក្រណាត់ និងផលិតផលសម្លៀកបំពាក់ដែលកម្ពុជាផលិតបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយក៏បានស្នើឱ្យបង្កើតក្រុមប្រឹក្សាធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ។
ក្រៅពីនោះលោកប្រធានាធិបតី ក៏ស្នើឱ្យជំរុញវិស័យទេសចរណ៍ និងជំរុញកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ និងភ្នាក់ងារអង្គការអន្តរជាតិនានា។ លោកប្រធានាធិបតីតាជីគីស្ថាន ក៏បានស្នើសុំអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅតាជីគីស្ថានតាមពេលវេលាសមស្រប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក៕