(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរទីតាំងខារ៉ាអូខេ «AJR» ដែលជាទីតាំងជួយដូរគ្រឿងញៀន រកឃើញគ្រឿងញៀនចំនួនធំ កាំភ្លើងខ្លីមួយដើម មានគ្រាប់ចំនួន៦៣គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ព្រមទាំងដកហូតបានសម្ភារសម្រាប់បម្រើឱ្យសកម្មភាពមួយចំនួនធំ។
បើតាមលោកឧត្តមសេនីយ៍ ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខារ៉ាអូរខេ .AJR .ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ ត្រី បោន ប៉ិន បានបន្តថា ប្រតិបត្តិការនេះ មានកម្លាំងចម្រុះចូលរួមរួមមាន៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងស្នាក់ការ៥៦៨ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការក្រុងរថយន្តសឺរ៉ែន ចំនួន០៤គ្រឿង និងរថយន្តឯកជន០៤ គ្រឿងក្រោមការបញ្ជាផ្ទាល់របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ ត្រី បោន ប៉ិន បានឱ្យដឹងថា ជនសង្ស័យទាំង៩នាក់រួមមានទី១៖ ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ, ទី២៖ ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ, ទី៣៖ ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៤៖ ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ម្ចាស់ទីតាំងខារ៉ាអូខេ AJR), ទី៥៖ ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ , ទី៦៖ ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ, ទី៧៖ ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី៨៖ ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ និងទី៩៖ ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ។
វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅពណ៌សចំនួន១១២ថង់តូច, គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់, ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់, ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់, ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់, ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន១៣គ្រាប់, ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប, ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប អាវុធខ្លីប្រភេទ Sig Sauer ចំនួន១ដើម, បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់, រថយន្តចំនួន០១គ្រឿង ម៉ាក ថុនរ៉ា ពណ៌ស្ក ពាក់ស្លាកលេខភ.ព 2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស), ម៉ូតូចំនួន០២គ្រឿង ម៉ាក PCX ពណ៌ស ក្រហម គ្មានស្លាកលេខ (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ រួមទាំងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕