(ត្បូងឃ្មុំ)៖ ប្តីប្រពន្ធ១គូ តែងតែឈ្លោះគ្នាព្រោះតែបុរសជាប្តី មានចិត្តប្រចណ្ឌប្រពន្ធរបស់ខ្លួននោះ។ ភ្លើងប្រចណ្ឌយូរៗទៅ ក៏បានឆេះសន្ធោសន្ធៅ ធ្វើឲ្យបុរសជាប្តីអប្រិយ មានចិត្តសាហាវឃោឃៅ ទាញយកកាំបិតប៉័ងតោ កាប់ប្រហារស្តី្រ ជាប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យដេកស្លាប់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់ ។
បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំហៀងទីស្នាក់ការ គណបក្សប្រជាជនស្រុកត្បូងឃ្មុំ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំពោះជនសង្ស័យជាប្តីនោះ ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ។
បើតាមការបញ្ជាក់ពីលោក ជុំ យុទ្ធ អាយុ៥៨ឆ្នាំ ត្រូវជាឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះ តែងតែមានជម្លោះពាក្យសម្តី ជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន។ លុះដល់រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការ ដេញកាប់សម្លាប់យ៉ាងឃោរឃៅតែម្តង។
ឪពុកជនរងគ្រោះបាន បញ្ជាក់ឲ្យដឹងថា មូលហេតុគឺផ្តើមចេញពីជម្លោះរឿងប្រចណ្ឌតែម្តង។ ម៉្យាងទៀតបុរសជាកូនប្រសារនេះ គេក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។
ប៉ុន្ដែទោះជាយ៉ាងណា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ ឃាតកជាប្ដី ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោង០៦៖២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងបើកការស្រាវជ្រាវជាបន្ទាន់ និងប្រើប្រាស់ពេលជាង១៧ម៉ោង រហូតចាប់ជនដៃដល់បាន នៅចំណុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខណៈពេលជនសង្ស័យប្រុងឡើងជិះរថយន្តឈ្នួលទៅខេត្តសៀមរាប ដើម្បីគេចខ្លួន។
លោកស្នងការបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ ភាព ម៉ាយ អាយុ២៣ឆ្នាំ ត្រូវជាប្ដីរបស់ស្ដ្រីរងគ្រោះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕