(ព្រះសីហនុ)៖ «ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលមួយរបស់កម្ពុជា ហើយនឹងអាចនឹងមានលទ្ធភាពទ្រទ្រង់ប្រជាជនកម្ពុជាបានច្រើន និងជួយជំរុញឱ្យមានកំណើន សេដ្ឋកិច្ចជាប្រចាំ ប៉ុន្តែយើងត្រូវខិតខំប្រឹងប្រែងកសាងខ្លួន និងត្រូវប្រែក្លាយនិងកសាងខ្លួនជារដ្ឋបាលទំនើប ក៏ដូចជាចេះដឹកនាំសេដ្ឋកិច្ចនៅក្នុង មូលដ្ឋានរបស់ខ្លួនដើម្បីបម្រើ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ»។ នេះគឺជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ នៅក្នុងឱកាសនៃពិធីប្រកាស និងប្រគល់ភារកិច្ចជូនសមាជិក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ខេត្តប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាក់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ក្នុងការងារគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរត្រូវប្រែក្លាយ និងកសាងខ្លួនជារដ្ឋបាលទំនើប និងចេះដឹកនាំសេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវស្គាល់ថា តើកន្លែងណាខ្លះជាប្រភពសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើការរៀបចំផែនការឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដើម្បីទាញផលនៃ ការអភិវឌ្ឍសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរដើម្បីទាញយកផលនៃការអភិវឌ្ឍ ក្នុងគោលដៅដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង៧% ក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រាប់ពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជីវភាពរបស់ប្រជាជន និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព គោរពអនាម័យបរិស្ថាន»។
លោកប្រធានក្រុមការងារបានមានប្រសាសន៍ថា ដើម្បីជំរុញឱ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនខ្លាំង ចាប់ពីពេលនេះតទៅខេត្តព្រះសីហនុ នឹងដំណើរការរៀបចំ កសាងនូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាកសាងផ្លូវផ្សេងទៀតដើម្បីបង្កើតច្រកចូលកាន់តែច្រើនចូល មកខេត្តព្រះសីហនុកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
លោក សាយ សំអាល់ បានមានប្រសាសន៍ថា ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ខេត្តព្រះសីហនុ គឺជាយុទ្ធសាស្ត្រមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តនេះ ហើយលោករដ្ឋមន្រ្តីបានលើកឡើងថា ផ្លូវពីភ្នំពេញមកខេត្តព្រះសីហនុមិនមែនត្រឹមតែជាផ្លូវប៉ុណ្ណោះទេ ប៉ុន្តែវាជាសសៃឈាមសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះ ខេត្តព្រះសីហនុនឹងផ្តោតលើការដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ កង្វះភ្លើងអគ្គិសនី កង្វះទឹកស្អាតប្រើប្រាស់ជាដើម។
លោករដ្ឋមន្រ្តី បានជំរុញបង្កើតក្រុមការងារ ពង្រឹងការត្រួតពិនិត្យ ការពង្រឹងការអភិវឌ្ឍមូលដ្ឋានឆ្លើយតប និងដោះស្រាយតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន។ លោករដ្ឋមន្រ្តី បានប្រកាសផ្តល់មូលនិធិ និងសម្ភារៈបច្ចេកទេសសម្រាប់ការដោះស្រាយបញ្ហាសំរាម ដោយផ្តល់ជូនរដ្ឋបាល់ក្រុង ស្រុក ក៏ដូចជានៅតាមឃុំ សង្កាត់ ជាធុងស្តុកសំរាម និងរថយន្តសម្រាប់ចូកសំរាម ដើម្បីមូលដ្ឋានស្អាត និងមានសោភណ្ឌភាព ជាក្រុងទំនើប។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីជំរុញឱ្យរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ចូលរួមពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដោះស្រាយទឺកខ្វក់ សម្អាតអនាម័យ បរិស្ថានដោយលោកបានលើកឡើងថា «ការងារសម្អាតអនាម័យបរិស្ថានគឺជាការងារប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋាន»។ នៅក្នុងការគ្រប់គ្រងសំណល់រាវទឹកកខ្វក់ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នឹបង្កើតអាងចម្រោះទឹកកខ្វក់បន្ថែមទៀត។
នៅក្នុងផែនការអភិវឌ្ឍន៍រដ្ឋបាលគ្រប់គ្រងខេត្ត ព្រះសីហនុ លោកប្រធានក្រុមការងារមានប្រសាសន៍ថា កំណត់បង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគតនៃទីផ្សារការងារ។ ជាមួយគ្នានេះ ដើម្បីពង្រឹងលើសោភណ្ឌភាពទីក្រុង ខេត្តព្រះសីហនុ និងកំណត់យកដើមឈើនាងនួន ជាអត្តញ្ញាណដើមឈើប្រចាំខេត្ត និងមានការដាំឈើប្រណីតផ្សេងទៀតគួបផ្សំផងដែរ។ ក្នុងឱកាសនេះលោក សាយ សំអាល់ បានប្រកាសពីការអភិវឌ្ឍការទទួលខុសត្រូវ និងការគ្រប់គ្រងទឹកស្អាត និងអគ្គិសនីផងដែរ ដើម្បីឱ្យការផ្តល់សេវាកាន់តែប្រសើរ និងការផ្គត់ផ្គង់តម្រូវការសម្រាប់អនាគត។
ខេត្តព្រះសីហនុ បាននិងកំពុងទទួលបានផលពីផ្លែផ្កាសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំយើង។ លោករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា កិច្ចការអាទិភាពចំនួន៤ ក្នុងចំណោមការងារជាច្រើន ដែលក្រុមការងារត្រូវដោះស្រាយឱ្យបានគឺ ទី១) ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុទាំងមូល ដោយសហការគ្នារវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងក្រុមការងារឱ្យបានល្អ។ ទី២) ការពារឱ្យបាននូវបរិយាកាសសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។ ទី៣) ការគ្រប់គ្រងការងារ សំណង់ដែលជាគម្រោងសាងសង់ថ្មីៗត្រូវមានការគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់ និងទី៤) ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភ័ណភាព មានអនាម័យបរិស្ថានល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។
លោកប្រធានក្រុមការងារជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់យ៉ាងមុតមាំថា ខេត្តព្រះសីហនុ ត្រូវបញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។ លោកថ្លែងថា៖ «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង»។ លោកបានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។ ប្រធានក្រុមការងារ ថ្នាក់ជាតិក៏បានព្រមានផងដែរ ដល់ជនខិលខូចទាំងឡាយ ដែលមានការជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ និងលើកឡើងថាគ្មាន ជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូចបានឡើយ។
លោកបន្តថា ប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការច្បាប់ដ៏តឹងរឹងនឹងត្រូវអនុវត្ត។ លោក សាយ សំអាល់ លើកឡើងថា ពីគម្រោងការស្តារប្រព័ន្ធលូ បង្ហូរទឹកឱ្យបានទៀងទាត់ ក៏ដូចជាការគ្រប់គ្រងសំណល់រាវឱ្យបានល្អ និងត្រូវមានការរៀបចំក្រុងឱ្យបានល្អដោយធ្វើយ៉ាងណាបែងចែក ឱ្យដាច់រវាងលូទឹកភ្លៀង និងលូទឹកកខ្វក់៕