(ភ្នំពេញ)៖ ហេតុការណ៍ចោរលួចរថយន្ដមួយករណី បានបង្កឲ្យមានការផ្អើលអស់សមត្ថកិច្ចក្នុងរាជធានីភ្នំពេញប្រកាសពេញវិទ្យុទាក់ទងឲ្យបើកការស្រាវជ្រាវភ្លាមៗ ដោយស្ដ្រីម្នាក់បានឈប់រថយន្ដមួយសន្ទុះក្បែរផ្ទះ ហើយត្រូវចោរឡើងបើកទៅបាត់ យកទាំងកូន២នាក់នៅក្នុងរថយន្ដនោះទៅជាមួយ។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចកន្លែងលក់ប្រហិតមួយ ស្ថិតនៅជិតគីរីរម្យ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលបើកការស្រាវជ្រាវភ្លាមៗ រហូតរកឃើញរថយន្ដដែលចោរលួចនោះ នៅលើផ្លូវ២៧១ ជិតរង្វង់មូលក្បាលថ្នល់ រួមទាំងក្មេងទាំង២នាក់ក្នុងរថយន្ដផងដែរ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជាក់អំពីដំណើររឿងយ៉ាងដូច្នេះថា មុនកេីតហេតុម្តាយដែលជាម្ចាស់រថយន្តបានឈប់រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-4126 នៅជិតផ្ទះដោយទុកកូនតូចអាយុ២ខែកំពុងគេង និងកូនស្រីអាយុ១១ឆ្នាំឲ្យនៅមេីលប្អូនក្នុងឡាន មិនបានប៉ុន្មានក៏មានជនសង្ស័យមួយក្រុមធ្វេីសកម្មភាពលួចយករថយន្តចេញមកដោយនាំទាំងក្មេងស្រីតូចទាំងពីរទៅជាមួយ។
ភ្លាមៗម្តាយបន្ទាប់ពីដឹងថា បាត់រថយន្តដែលមានកូននៅក្នុងនោះបានរត់ទៅដាក់ពាក្យបណ្តឹង ហេីយសមត្ថកិច្ចបានរាយការណ៍ទៅស្នងការរាជធានីភ្នំពេញ ទើបលោក ស្នងការបញ្ជាឲ្យកម្លាំងចេញទាំង១២ ខណ្ឌ ជួយរក និងឃាត់រថយន្តដែលមានភិនភាគខាងលេី លុះបានប៉ុន្មានរថយន្តដែលមានភិនភាគខាងលេីត្រូវបានគេឃេីញបេីកលេីផ្លូវ២៧១ ជិតរង្វង់មូលក្បាលថ្នល់ ហើយសមត្ថកិច្ចដេញចាប់តែក្រុមចោរបានបេីកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនិងកូនក្មេងទាំងពីរតូចតែប៉ុណ្ណោះ។
ក្រោយពីចាប់បាន សមត្ថកិច្ចបាននាំរថយន្តខាងលេីមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីសាកសួរជនរងគ្រោះបន្ដ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យខាងលេីយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕