(ភ្នំពេញ)៖ កម្ពុជាបានរកឃើញជ័យលាភី៣ក្រុម ដើម្បីត្រៀមយកទៅប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក នាប្រទេសហុងគ្រី នៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ក្រុមទាំង៣ ត្រូវបានត្រៀមឲ្យធ្វើជាតំណាងកម្ពុជា បន្ទាប់ពីក្រុមទាំងនេះបានឈ្នះ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៩។
ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួត នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានប្រមូលផ្ដុំយុវជនឆ្នើមរបស់កម្ពុជា ដែលពូកែមុខវិជ្ជាស្ទែម។
ការប្រកួតប្រជែងលើវិញ្ញាសាកុមារ និងយុវជននៅក្នុងឆ្នាំនេះមានដូចជា ការដំឡើង និងបង្កើតកម្មវិធីដើម្បីឱ្យរ៉ូបូតដំណើរការ។ បេក្ខជនក៏អាចចូលរួមប្រកួតលើវិញ្ញសាសេរី ក្រោមប្រធានបទរួម «ទីក្រុងវៃឆ្លាត» ដើម្បីបង្កើតគម្រោងសេវាកម្ម ដោយប្រើរ៉ូបូតប្រកបដោយនវានុវត្តន៍ សម្រាប់ទីក្រុងប្រកបដោយនិរន្តរភាព ក្នុងពេលអនាគត។
អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងនេះឡើង ហើយនេះក៏ជាឆ្នាំទី២ផងដែរ។ អង្គការនេះ បានទទួលបានការចូលរួម ពីសំណាក់បេក្ខជនប្រកួតចំនួន ២៦ក្រុម ដែលមកពីបណ្ដាវិទ្យាល័យសិក្សានានា អមដោយគ្រូដឹកនាំ តំណាងសាលា និងមាតាបិតា ដែលញុំាងឱ្យការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយជោគជ័យ។
សូមចូលរួមអបអរចំពោះក្រុមជ័យលាភីរបស់ ដែលមានដូចជា៖
*ជ័យលាភីលេខ១ លើវិញ្ញាសាទូទៅផ្នែកកុមារ៖ ក្រុម SKELETON មកពីអង្គការមូលនិធិកុមារកម្ពុជា
*ជ័យលាភីលេខ១ លើវិញ្ញាសាទូទៅផ្នែកយុវជន៖ ក្រុម SKYSCAPER មកពីអង្គការមូលនិធិកុមារកម្ពុជា
*និងជ័យលាភីលេខ១ លើវិញ្ញាសាសេរី៖ ក្រុម CREATIVE YOUTH មកពី E2STEM ដោយបានឈ្នះលើការបង្កើតគម្រោង «ប្រព័ន្ធចំណតឆ្លាតវៃ»។
នេះជាព្រឹត្តិការណ៍ស្ទែមដ៏សំខាន់ប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលអាចដំណើរការទៅបាន ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន និងដៃគូឧបត្ថម្ភដែលមានដូចជា iOne, UBTECH, Bright Cambodia និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះការផ្ដល់ជាទីកន្លែងរៀបចំកម្មវិធី។
ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិយ៉ាងពិតប្រាកដ ដោយមាន៦៥ប្រទេស នៅជុំវិញពិភពលោកចូលរួម។ ក្នុងឆ្នាំនេះ ជ័យលាភីទាំង៣ក្រុម នឹងធ្វើជាតំណាងប្រទេសកម្ពុជា ឡើងទៅប្រកួតនៅជុំអន្តរជាតិ នៅថ្ងៃទី៨-១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងទីក្រុងចាយអ័រ (Győr) ប្រទេសហុងគ្រី។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៉ីមែល [email protected] ទូរស័ព្ទ 023 72 72 62 ឬវេបសាយ http://www.stemcambodia.ngo/world-robot-olympiad/ ៕