(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee-JCC) ជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខ័ណ្ឌកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២។
កិច្ចប្រជុំនេះដឹកនាំដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Sugano Yuichi ប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានវត្តមានចូលរួមរបស់ លោក Kawakami Naotaka, នាយកមហាវិទ្យាល័យពន្ធជាតិជប៉ុន (National Tax College, Japan), លោក Mutoh Shizuki ប្រធានទីប្រឹក្សានៃគម្រោង JICA/GDT។
សម្រាប់ជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់អគ្គនាយកដ្ឋានពន្ធដារបានអនុវត្តចំនួន៣គម្រោង បើគិតចាប់តាំងពីឆ្នាំ២០០៤ រហូតមកបច្ចុប្បន្ននេះរួមមាន៖ ១៖ ចាប់ពីឆ្នាំ២០០៤-២០១០ គម្រោងកសាងសមត្ថភាព សម្រាប់នាយកដ្ឋានពន្ធដារកម្ពុជា ផ្តោតលើការពង្រឹងសមត្ថភាពមន្រ្តីពន្ធដារលើ «Accounting and Account Bookkeeping», ២៖ ចាប់ពីឆ្នាំ ២០១១-២០១៥ គម្រោងកសាងសមត្ថភាព របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខ័ណ្ឌកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ (PFMRP Phase 1) សំដៅបង្កើនសមត្ថភាពមន្ត្រីពន្ធដារលើ «ការងារសវនកម្មនិងសេវាជូនអ្នកជាប់ពន្ធ», ៣៖ ចាប់ពីឆ្នាំ ២០១៥-២០១៨ គម្រោងកសាងសមត្ថភាព អគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខ័ណ្ឌកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២ (PFMRP Phase 2) សំដៅលើកកម្ពស់ការយល់ដឹង និងចំណេះដឹងអំពីពន្ធដែលត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០១៩។
លោក Sugano Yuichi តាងនាមគណៈប្រតិភូរបស់ JICA បានថ្លែងអំណរអរគុណចំពោះការចូលរួម របស់លោកប្រតិភូរាជរដ្ឋាភិបាល និងបានបង្ហាញសាវតា និងរបាយការណ៍សង្ខេបស្តីពី កិច្ចសហប្រតិបត្តិការគម្រោងជំនួយបច្ចេកទេស របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់អគ្គនាយកដ្ឋានពន្ធដារចាប់តាំងពីឆ្នាំ២០០៤ រហូតមកបច្ចុប្បន្ននេះ ដែលតែងតែសម្រេចបាននូវលទ្ធផលគាប់ប្រសើរ។
លោក Mutoh Shizuki ប្រធានទីប្រឹក្សានៃគម្រោង JICA/GDT បានបង្ហាញអំពីលទ្ធផលសំខាន់ៗ នៃការអនុវត្តគម្រោងទី៣ ដែលនឹងឈានទៅបញ្ចប់នាចុងខែមិថុនានេះ ព្រមទាំងលើកឡើងជា អនុសាសន៍ល្អៗសម្រាប់ការអនុវត្តបន្ត។
លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះគម្រោងជំនួយនានាសម្រាប់កម្ពុជា និងចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែគាំទ្រ និងផ្តល់ជំនួយបច្ចេកទេស សម្រាប់អគ្គនាយកដ្ឋានពន្ធដារចាប់តាំងពីឆ្នាំ២០០៤ រហូតមកដែលបានចូលរួមចែករំលែកនូវឧត្តមានុវត្ត និងការកសាងសមត្ថភាព ដល់អគ្គនាយកដ្ឋានពន្ធដារ ហើយសម្រាប់គម្រោងជំនួយបច្ចេកទេសចុងក្រោយនេះ បានរួមចំណែកក្នុងការសម្រេចបាន នូវលទ្ធផលជាទីមោទនៈនៃ យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម (RMS) ឆ្នាំ២០១៤-២០១៨។
លោកបន្ដថា ជាការពិតណាស់ការអនុវត្តគម្រោង គឺតែងតែជួបប្រទះនឹងបញ្ហាប្រឈម និងផលវិបាកមួយចំនួនប៉ុន្តែជាការលើកទឹកចិត្តចំពោះ ប្រធានទីប្រឹក្សានៃគម្រោង JICA/GDT ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមយ៉ាងសកម្ម ដើម្បីឱ្យគម្រោងនេះអាចឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ និងកាត់បន្ថយជាអតិបរមានូវបញ្ហាប្រឈម និងផលវិបាកទាំងនោះ។
លោកប្រតិភូរាជរដ្ឋាភិបាល បញ្ជាក់បន្ថែមថា ទោះបីជាគម្រោងនេះនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះក្តី ក៏អគ្គនាយកដ្ឋានពន្ធដារបន្តអនុវត្តនូវទស្សនៈវិស័យ ដោយទទួលយកនូវអនុសាសន៍ល្អៗ និងសម្រាំងយកនូវមេរៀនបទពិសោធន៍ល្អៗ ពីការអនុវត្តក្នុងគម្រោងនេះ ដើម្បីបន្តនូវកិច្ចការងារកសាងសមត្ថភាព អគ្គនាយកដ្ឋានពន្ធដារប្រកបដោយចីរភាព ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំង ក្នុងក្របខណ្ឌអគ្គនាយកដ្ឋានពន្ធដារ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក៏ដូចជាក្នុងក្របខណ្ឌនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកប្រតិភូរាជរដ្ឋាភិបាលបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ និងច្បាស់លាស់អំពីសារៈសំខាន់ នៃវត្តមានគម្រោងជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់អគ្គនាយកដ្ឋានពន្ធដារ និងសូមស្នើសុំរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ពិចារណាក្នុងការបន្តផ្តល់ និងគាំទ្រគម្រោងជំនួយបច្ចេកទេសបន្តទៀត លើទិដ្ឋភាពចាំបាច់ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ។
ជាការពិតណាស់គម្រោងជំនួយជាបន្តទៀតរបស់ JICA នឹងបន្តរួមចំណែកក្នុងការអនុវត្ត «យុទ្ធសាស្ត្រកៀរគរប្រមូលចំណូលដំណាក់កាលទី២ឆ្នាំ២០១៩-២០២៣» និងទាំងក្នុង «ក្របខ័ណ្ឌនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២ (PFM Reform, Phase II»បន្តទៀត៕