(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Pierre BAPTISTE (ព្យែក បាទីស) អ្នកជំនាញអភិរក្សវត្ថុសិល្បៈ នៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានមកធ្វើបាឋកថា ចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ស្តីអំពី «សមុច្ច័យពុម្ពចម្លាក់ និងប្រាសាទខ្មែរ ដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៉ី Guimet៖ មណ្ឌលសម្រាប់ការងារអភិរក្ស បេតិកភណ្ឌទៅអនាគត?»។
បាថកថា ដែលត្រូវបានដឹកនាំ ដោយសាស្ត្រាចារ្យ មកពីប្រទេសបារាំងរូបនេះ បានធ្វើឡើង នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
លោកសាស្ត្រាចារ្យ Pierre BAPTISTE បានឱ្យដឹងពីគោលបំណងនៃការបង្រៀន គឺដើម្បីបង្ហាញអំពីការប្រមូលសមុច្ច័យបុរាណខ្មែរ នៅក្នុងឃ្លាំងសារមន្ទីរសិល្បៈអាស៉ី Guimet ដែលជនជាតិបារាំងបានចម្លងពុម្ពរូបចម្លាក់ រូបប្រាសាទអង្គរវត្ត បាយ័ន្ត និងប្រាសាទសំខាន់ៗដទៃទៀត ក្នុងសតវត្សរ៍ទី១៩ ដើម្បីយកមកតាំងពិព័រណ៍ពិភពលោក អំពីមរតកវប្បធម៌ប្រទេស ដែលស្ថិតក្នុងដែនដីនៅក្រោមអាណាព្យាបាល របស់ខ្លួន នៅទីក្រុងប៉ារីស ហើយក៏ដើម្បីអភិរក្សរូបភាពដើម នៃប្រាសាទទាំងនោះ និងបានរក្សាទុករហូតដល់ចុងសតវត្សរ៍ទី២០។
លោកថា ថ្មីៗនេះ ក្រុមអភិរក្សក៏បានរៀបគំរូពុម្ពរូបឡើងវិញ ដើម្បីរៀបចំបង្ហាញសាធារណជន អំពីទិដ្ឋភាពរូបភាពដែលមានមក រវាងស្ថានភាពវត្ថុសិល្បៈនៅលើរូបពុម្ពចម្លង និងអ្វីដែលកំពុងកើតឡើង លើប្រាសាទអង្គរវត្តសព្វថ្ងៃនេះ។ ពិតណាស់ បន្ទាប់ពី១៤០ឆ្នាំមក ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗ បានទទួលរងគ្រោះច្រើនពីភ្លៀង និងមនុស្ស ធ្វើឱ្យប្រាសាទទាំងនោះ បានបាត់បង់ផ្នែកខ្លះនៃក្បាច់ចម្លាក់ដើម ដោយសារតែដំណើរនៃការសឹករិចរិល។
លោកសាស្ត្រាចារ្យបន្តថា នាពេលអនាគតគេសង្ឃឹមថា ពុម្ពចម្លងទាំងអស់នៅសារមន្ទីរ Guimet អាចជួយអាជ្ញាធរជាតិអប្សរា ដើម្បីផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពវិវត្តន៍នៃចម្លាក់ និងប្រាសាទទាំងនោះក្នុងរយៈពេល ១៤០ឆ្នាំកន្លងមកនេះ ព្រោះរូបពុម្ពចម្លងអាចយកមកសិក្សាបាន នូវអ្វីដែលគេមិនអាចយល់ ព្រោះតែរូបចម្លាក់ខ្លះបានបាត់បង់រូបរាង និងកុំឱ្យមានការស្មានខុសការពិត លើការសិក្សាសម័យក្រោយៗ។
លោក អ៉ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានឱ្យដឹងថា ការធ្វើបទបង្ហាញថ្ងៃនេះ គឺផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកស្រឡាញ់ និងមានអាជីពការងារលើវិស័យសិល្បៈបុរាណខ្មែរ ដើម្បីឱ្យគេយល់ពីសារៈសំខាន់ នៃការធ្វើពុម្ព ដែលជាបេតិកភណ្ឌប្លែកពីគេ និងការអភិរក្សវត្ថុសិល្បៈ។ បើតាមទ្រឹស្តីនៃសារមន្ទីរ គេអភិរក្សវត្ថុសិល្បៈបុរាណមានអាយុកាលរាប់រយពាន់ឆ្នាំ តែពុម្ពចម្លងនេះមិនមានអាយុកាលច្រើនទេ តែជាវត្ថុសិល្បៈមួយដ៏កម្រ ធ្វើដោយមនុស្សយ៉ាងពិចិត្រ និងមានទេពកោសល្យ ព្រោះពុម្ពទាំងនេះ រៀបជាខ្នាតពិត មានគុណភាពល្អ ហើយវិធីធ្វើនេះ សព្វថ្ងៃពិភពលោកស្ទើរតែភ្លេចទាំងស្រុងទៅហើយ។
លោកបន្តថា នេះជាវេលាមួយដែលបង្ហាញពីទស្សនៈថ្មី វិជ្ជាថ្មីទៅលើការអភិរក្សវត្ថុបុរាណផ្នែកពុម្ពចម្លង ដែលវាជាតម្លៃសម្រាប់ពិចារណាក្នុងការគ្រប់គ្រង និងសិក្សាពីបេតិកភណ្ឌ។ វាអាចបញ្ជាក់ពីការពិតនៃប្រវត្តិវត្ថុសិល្បៈ អាចសិក្សាស្រាវជ្រាវ អភិរក្ស ដើម្បីឱ្យគេដឹងពីទេពកោសល្យ និងបច្ចេកទេសដែលគេធ្វើ។
អ្នកសម្របសម្រួលកម្មវិធីរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការអភិរក្សប្រាសាទ ឬបេតិកភណ្ឌផ្សេងៗ មិនមែនធ្វើឱ្យគង់វង្សដូចដើមទេ គឺដើម្បីឱ្យវានៅឱ្យគេបានឃើញ យូរអង្វែងតាមលទ្ធភាពដែលអាចធ្វើបាន ដោយបន្ថយរយៈពេលខូចខាតបានច្រើន ឱ្យអ្នកជំនាន់ក្រោយបានឃើញ។ ដូច្នេះហើយ វាដល់ពេលមួយដែលគេត្រូវពិចារណា រឿងធ្វើពុម្ពចម្លងវត្ថុសិល្បៈខ្មែរហើយ ព្រោះវត្ថុសិល្បៈបុរាណ ប្រាង្គប្រាសាទ វាគង់តែបាក់បែក ក្លាយជាគំនរថ្មនាថ្ងៃណាមួយមិនខាន បើរង់ចាំច្រើនឆ្នាំបន្តទៀត រហូតចម្លាក់ ប្រាសាទទាំងនោះមានហានិភ័យខ្ពស់ គេនឹងមិនអាចធ្វើបានឡើយ៕