(សៀមរាប)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ជាបន្ដបន្ទាប់ ដែលពួកគេពាក់ព័ន្ធករណីកាច់សោរកម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ដ្រក្រុងសៀមរាប ខេត្តសៀមរាប ហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់។
របាយការណ៍របស់សមត្ថកិច្ច បានរៀបរាបថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខហាងលក់អាហារយីហោ មីឡូ ទល់មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចកាច់សោរកយកម៉ូតូ០១ គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខសៀមរាប1AD-2380 របស់ជនរងគ្រោះឈ្មោះ សូត្រ គឹមសុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានចាត់តាំង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចុះទៅពិនិត្យបរិវេណកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ។
យោងតាមទិន្នន័យ ពីកាមេរ៉ាសុវត្ថិភាពសមត្ថកិច្ចបានកំណត់ ភិនភាគមុខមាត់ជនសង្ស័យបាន រួមទាំងភិនភាគម៉ូតូដែលពួកគេជិះធ្វើសកម្មភាព ដែលមានម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HM-4753។
នៅវេលាម៉ោង០៣៖០០នាទីថ្ងៃដដែល សមត្ថកិច្ចបានប្រទះឃើញ ភិនភាគជនសង្ស័យទាំងពីរខាងលើ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាព បម្រុងកាច់សោរក យកម៉ូតូមួយគ្រឿងទៀត នៅចំណុចខាងក្រោយផ្សារដើមក្រឡាញ់ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការប្រដេញតាម ជនសង្ស័យពីក្រោយធ្វើឲ្យពួកគេភ័យ ហើយជិះគេចហើយទម្លាក់បក្ខពួកម្នាក់ នៅមុខសាលាញ៉ូយ៉កក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ហើយប្តូរអាវដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចរួចគេចខ្លួនបាត់។
បន្ទាប់មកអធិការនគរបាលក្រុងសៀមរាប ក៏បានស្នើរសុំគោលការណ៍ តាមរយៈលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ទៅលោកស្នងការខេត្តសៀមរាប ដើម្បីសុំកិច្ចសហការណ៍ ពីបណ្តាអធិការដ្ឋានស្រុក ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ លុះដល់វេលាម៉ោង០៥៖៥៨នាទីល្ងាចថ្ងៃដដែល ដោយមានការសហការល្អពីកម្លាំងនគរបាលស្រុកបាគង ដឹកនាំដោយលោកវរសេនីយ៍ឯក មិន ចន្ថា អធិការស្រុកប្រាសាទបាគង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ តាមផ្លូវជាតិលេខ៦ ខណៈជិះឡានឈ្នួលបម្រុងចាកចេញពីខេត្តសៀមរាប នៅត្រង់ចំណុចក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង។
បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ក៏បានចុះទៅធ្វើការនាំជនសង្ស័យទាំង០២នាក់ ទី១៖ឈ្មោះ គង់ សិទ្ធ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្កោល ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី២៖ឈ្មោះ ជា រស្មី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិទូកមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីការសាកសួរតាមនីតិវិធីជំនាញជន សង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូភិនភាគខាង លើរបស់ជនរងគ្រោះប្រាកដមែន ហើយសមត្ថកិច្ចបាននាំជនសង្ស័យខាងលើចុះចង្អុលបង្ហាញ និងដកហូតម៉ូតូជិះធ្វើសកម្មភាពដែលប្លុងទុកចោល កន្លែងហាងផ្តិតរូបយីហោពេញចិត្ត មុខផ្សារឡាក់គីម៉ល និងសំលៀកបំពាក់ដែលជនសង្ស័យប្តូរពេលរត់គេចពីសមត្ថកិច្ចផងដែរ។
លុះដល់ព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ សមត្ថកិច្ចបាននាំជនសង្ស័យ ចុះទៅបន្ទប់ជួលស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីស្វែងរកវត្ថុតាង ហើយធ្វើការឆែកឆេរបន្ទាប់មកសមត្ថកិច្ចបានរកឃើញម៉ូតូចំនួន០២គ្រឿង ដែលលាក់ទុកនៅក្នុងបន្ទប់ជនសង្ស័យរួមមាន ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HA-3079 (ផ្លាកលេខក្លែងក្លាយ) និងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្តាល1Y-5541 (ផ្លាកលេខក្លែងក្លាយ)។
ជនសង្ស័យទាំងពីរ បានសារភាពទៀតថាពួកគេពិតជាបាន ធ្វើសកម្មភាពលួចកាច់សោរកយកម៉ូតូ នៅក្រុងសៀមរាប ជាច្រើនលើករួចមកហើយ ដោយក្នុងនោះរួមមាន៖ នៅកន្លែងហាត់ប្រាណ ក្បែររង្វង់មូលព្រះរាជដំណាក់ ចំនួន០២គ្រឿង, នៅក្បែរអាហារដ្ឋានយីហោ ម៉ៃឡូ ចំនួន០២គ្រឿង និងនៅក្នុងភូមិវត្តបូព៌ចំនួន០១គ្រឿង។ ក្នុងនោះយើងក៏បានរកឃើញ ពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៥ករណីផងដែរ៕