(ហុងគ្រី)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយចៅស្រីបង្កើតរបស់សម្តេច និងបានបញ្ជាក់ថា ដោយសារការនឹករលឹកជីតាពេក ចៅស្រីដែលកំពុងសិក្សានៅប្រទេសបារាំង ខំជិះយន្តហោះស្កាត់មកជួបសម្តេចនៅប្រទេសហុងគ្រី ទីដែលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុងឱកាសចៅស្រីរបស់សម្តេចស្កាត់មកជួបនៅហុងគ្រីនេះ ក្នុងគ្រាដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសំដែងការគួរសម ជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រីនោះ ចៅស្រីរបស់សម្តេចក៏បានចូលរួមជាមួយគណៈប្រតិភូផងដែរ ដើម្បីឲ្យចៅស្គាល់ពីរបៀបធ្វើការ របស់ថ្នាក់ដឹកនាំប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ចៅស្រីខ្ញុំនឹកជីតាពេកខំជិះយន្តហោះមករង់ចាំជីតា នៅប្រទេសហុងគ្រី។ ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសម ជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រី ដើម្បីឲ្យចៅស្គាល់ពីរបៀបធ្វើការ របស់ថ្នាក់ដឹកនាំប្រទេស»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាក់ចេញពីកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។ ការបំពេញទស្សនកិច្ចនៅហុងគ្រីមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រី សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងហោះទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ៕