(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Armin Bruck នាយកប្រតិបត្តិក្រុមហ៊ុន Siemens Limited សាខាប្រចាំប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់នោះ អគ្គបណ្ឌិតភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ដល់នាយកក្រុមហ៊ុននោះថា «កម្ពុជាចង់ឃើញក្រុមហ៊ុនអ៊ឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយហេតុថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើន (Engine of Growth) សម្រាប់កម្ពុជា»។
ជំនួបនោះ រៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុន Siemens Limited នៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ចំពោះ ការវិនិយោគបន្ថែម និងផ្តល់ប្រព្រឹត្តកម្មស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុនវិនិយោគទុនបរទេសទាំងអស់នៅកម្ពុជា រួមទាំង ក្រុមហ៊ុន Siemens Limited ផងដែរ ។ ជាមួយគ្នានេះ, ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការ ទាក់ទាញការវិនិយោគពីបរទេស តាមរយៈការសម្រួលផ្នែកពាណិជ្ជកម្មបន្ថែមទៀត, កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកញ្ចប់កំណែទម្រង់ ជា វិធានការមុតស្រួចលើគ្រប់វិស័យ រួមមាន៖ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកាត់បន្ថយថ្លៃអគ្គិសនី, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, និងការបន្តកំណែទម្រង់ស្ថាប័នជាដើម។ កញ្ចប់កំណែទម្រង់នេះ មានវិសាលភាពគ្របដណ្តប់លើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ រួមទាំងលើក្របខ័ណ្ឌគតិយុត្ត និងបច្ចេកទេស។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ក្រុមហ៊ុន Siemens Limited ត្រូវបានទទួលស្គាល់ថា ជាដៃគូសហការល្អ ដោយបានបោះទុនវិនិយោគ និងចូលរួមយ៉ាងសកម្មក្នុងវិស័យថាមពល, អគ្គិសនី និងសុខាភិបាលនៅកម្ពុជា តាមរយៈការផ្គត់ផ្គង់នូវសម្ភារៈទំនើប និងបច្ចេកវិទ្យាខ្ពស់។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា កម្ពុជាមានបំណងស្វែងយល់បន្ថែមទៀត អំពីបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពនៃ ម៉ាស៊ីនថ្មីៗ ដែលក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់ ដែលអាចចូលរួមជាចំណែកគាំទ្រដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ។ កម្ពុជា នឹងបន្តកិច្ចសហការល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយនឹងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលអំពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដូចជា ការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងចរាចរណ៍ ជាដើម។
ជាទីបញ្ចប់, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរឲ្យក្រុមហ៊ុនទទួលបានជោគជ័យបន្ថែមទៀត ហើយបានបញ្ជាក់ថា កម្ពុជាចង់ឃើញក្រុមហ៊ុនអ៊ឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយហេតុថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើន (Engine of Growth) សម្រាប់កម្ពុជា៕