(ស្វាយរៀង)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដើម្បីសិក្សាស្រាវជ្រាវតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។
នៅក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីប្រតិភូក្រុមការងារស្រាវជ្រាវព្រំដែន កម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំខេត្ត លោកប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង-ស្រុក កងកម្លាំងវរព្រំដែន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ និងទ្វេភាគី និងអស់លោក លោកស្រី ដែលជាសមាជិកអនុគណៈកម្មាធិការព្រំដែនខេត្តជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក ម៉ែន វិបុល បានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងសម្ដែងនូវការអរគុណចំពោះលោកបណ្ឌិតសភាពចារ្យ សុខ ទូច ព្រមទាំងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញ ចុះមកបំពេញបេសកកម្ម ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពព្រំដែន នៅក្នុងភូមិសាស្ត្រខេត្ដស្វាយរៀង នាពេលនេះ។
លោក ម៉ែន វិបុល បានគាំទ្រ និងសហការសម្របសម្រួលជានិច្ចជាមួយក្រុមការងារ ដើម្បីគាំទ្រកិច្ចការដ៏មានសារៈសំខាន់នេះ ឱ្យទទួលបានលទ្ធផលជោគជ័យ សម្រាប់ជាប្រយោជន៍របស់ ប្រទេសជាតិយើង និយាយជារួមនៅក្នុងខេត្តស្វាយរៀង និងនិយាយដោយឡែក។
លោកអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន រដ្ឋបាលក្រុង ស្រុកជាប់ព្រំដែន ត្រូវត្រៀមសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ជាមួយក្រុមការងារ រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឱ្យការចុះបំពេញបេសកកម្ម សិក្សាស្រាវជ្រាវតាមខ្សែបន្ទាត់ព្រំដែននៅខេត្ដស្វាយរៀង ទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕