(ក្រចេះ)៖ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ បានរៀបចំពិធីសម្ភោធដាក់ឲ្យដំណើរការ «ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ» ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកស្នួល ក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋជាង ៥០០នាក់។

លោក គង់ គឹមនី អភិបាលស្រុកស្នួល បានលើកឡើងថា ស្រុកស្នួលមានផ្ទៃដីសរុប ២៨១,៩២១ហិកតា ចែកជា ៦ឃុំ ស្មើនិង ៤០ភូមិ និងមានគ្រួសារសរុបចំនួន ២១,៤២៣គ្រួសារ ប្រជាពលរដ្ឋសរុប ៩៤៦១០នាក់ (ស្រីចំនួន៤៥៧៨៥នាក់)។ ប្រជាពលរដ្ឋប្រមាណ​ ៨៨,១០%ជាង រស់នៅពឹងផ្អែកលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលជាវិស័យចម្បងក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទូទាំងស្រុកស្នួល។ ក្រៅពីវិស័យទាំងនេះ ប្រជាពលរដ្ឋពឹងផ្អែកទៅលើមុខរបរចម្រុះ (កម្មករ អាជីវករ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ) ដែលជាមូលដ្ឋានបង្កើតការងារ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក វ៉ា ថន បានបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋដឹងថា ការបង្កើតការរិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលទទួលសេវា ព្រោះថា មានមន្រ្តីមន្ទីរ អង្គភាពគ្រប់ជំនាញមកបំរើការនៅ ការិយាល័យច្រកចេញចូលតែមួយ ហើយធ្វើឲ្យបងប្អូនចំណេញពេលវេលា និងមានតម្លាភាព គ្មានអំពើពុករលួយ ព្រោះថា នៅការិយាល័យច្រកចេញចូលតែមួយ បានបិទតារាងតម្លៃ សេវាណាត្រូវយកកម្រៃ សេវាណាមិនយកកម្រៃ ហើយកំណត់តំលៃច្បាស់លាស់ ហើយថវិការទាំងនេះត្រូវបង់ចូលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបំរើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវធ្វើឲ្យសាមញ្ញចំពោះប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៍ វិជ្ជាជីវៈ ត្រូវទទួលការរាក់ទាក់ជាមួយប្រពលរដ្ឋ ហើយរដ្ឋបាលស្រុកត្រូវមានគណេយ្យភាពដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្រសួងស្ថាបណ័ ក្នុងការបំពេញតួនាទីរបស់ខ្លួន។
រដ្ឋបាលស្រុកត្រូវធានាផ្ដល់សេវា អនុវត្តន៍បែបបទនីតិវិធីជាទូទៅ ត្រូវបង្កើនជំនឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ លើការស្នើសុំសេវាតាមរយៈបង្កឲ្យមានលក្ខណៈងាយស្រួលទំនាក់ទំនង៕