(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាថ្មីម្តងទៀត, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព តាមរយៈការផ្តល់ព័ត៌មានដល់កម្លាំងមានសមត្ថកិច្ច ដើម្បីឈានដល់ការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ ដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន។
ការស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» នេះបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យអាជ្ញាធរភូមិ-សង្កាត់ ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារកិច្ច ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយកនូវសំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សា ដោះស្រាយទៅតាម លទ្ធភាពដែលអាចធ្វើបាន។
គម្រោងសាងសង់ទីស្នាក់ភូមិនៅតាមសង្កាត់ទាំង៨ នេះគឺជាការសំរេចចិត្តដោយយុទ្ធសាស្ត្រក្នុងក្របខណ្ឌខណ្ឌ សំដៅធ្វើយ៉ាងណាជំរុញការផ្តល់សេវ៉ាសាធារណៈឲ្យជិតប្រជាពលរដ្ឋ។
ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទលុបបំបាត់មិនឲ្យមានការចែកចាយ ប្រើប្រាស់ និងផលិតថ្នាំញៀនគោរពច្បាប់ចរាចរទាំងអស់គ្នា។
បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតី ត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៊ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ព័ត៌មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ច និងរក្សាការសម្ងាត់ជូនបងប្អូន។ ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែក របស់អាជ្ញាធរនិងសមត្ថកិច្ចប៉ុណ្ណោះ គឺជាការងាររួម។
លោក ហួត ហុយ នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌ អគារទីស្នាក់ការភូមិព្រែកថ្មី១នេះ ធ្វើការសាសង់ចាប់ពីថ្ងៃទី០៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្ទៃដី ១៨៤ម៉ែត្រ ដោយមសនទទឹង ៥.១០ម៉ែត្រ បណ្តោយ ៨ម៉ែត្រ សម្រាប់បម្រើការងាររដ្ឋបាល និងបានតយ៉ាបប្រក់ស័ង្កសីមុខអគារ ៨ម៉ែត្រ និងបណ្តោយ ១២,៧០ម៉ែត្រ ដោយចំណាយថវិកាអស់ ១០.៤២៥ដុល្លារអាមេរិក ៕