(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះតទៅមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមអនុវត្តន៍វិធានការក្តៅដោយចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តទឹកទំនិញ និងបណ្ណបើកបររបស់អ្នកបើកបរដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញតែម្តង។
ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវនៅក្នុងខេត្តកំពតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា វិធានការនេះ ធ្វើឡើងដើម្បីរួមចំណែកទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរ ដែលបណ្តាលមករថយន្តដឹកទំនិញគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឬអាចមកពីអ្នកបើកបរមិនបានឆ្លងកាត់ការរៀនបើកបរឱ្យបានត្រឹមត្រូវនោះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «គ្មានបណ្ណបើកបរត្រឹមត្រូវនេះហើយ ទើបធ្វើឱ្យមានគ្រោះថ្នាក់ចរាចរនេះឯង។ អ៊ីចឹងយើងកុំអង្គុយបើកផ្សែង គ្រោះថ្នាក់ចរាចរតាមផ្លូវមានច្រើនណាស់។ អ៊ីចឹងទៅចាប់នៅគោលដៅតែម្តង»។
បើតាមលោក ស៊ុន ចាន់ថុល រថយន្តដែលរកឃើញថា មិនបានពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឬអ្នកបើកបរមិនមានបណ្ណបើកបរទេនោះ គឺមិនអនុញ្ញាតឱ្យចេញពីកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញនោះឡើយ។
លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ប្រញាប់យករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេស និងពិនិត្យមើលអ្នកបើកបររបស់ខ្លួនឱ្យមានបណ្ណបើកបរត្រឹមត្រូវ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ក្រៅពីការពិនិត្យនៅកំពង់ទាំងពីររួចហើយនោះ ជំហ៊ានបន្ទាប់មន្ត្រីក្រសួងនឹងចុះពិនិត្យនៅតាមផែស្ងួតផងដេរ៕