(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ឌិន វៀត ថាំង អគ្គនាយកអាជ្ញាធរអាកាសចរស៊ីវិលវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំគណៈប្រតិភូ ដើម្បីពិភាក្សាលើការពង្រឹង កិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។
តាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាលើកិច្ចការងារសំខាន់ៗ រួមមាន៖
១៖ ជំរុញក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ រៀបចំផែនការបើកជើងហោះហើរថ្មីៗជាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
២៖ គាំទ្រលើសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ លើការរៀបចំបើកផ្លូវហោះហើរថ្មីត្រង់មួយទៀត រវាងរាជធានីភ្នំពេញ និងទីក្រុងទេសចរណ៍ដាណាំង ហើយតភ្ជាប់ទៅកាន់រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។
៣៖ សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអាកាសចរ ដើម្បីធានាបាននូវស្ថេរភាពនៃកំណើនអ្នកដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ។
៤៖ សហការលើការបណ្តុះបណ្តាលធនធានមនុស្ស និងដកស្រង់បទពិសោធន៍នៃមន្ត្រីជំនាញអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។
លោកបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក៏បានអនុញ្ញាតជូនលោក ឆាំ ង៉ុកមីញ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ព្រមទាំងសហការី ដើម្បីសម្តែងការគួរសម និងសូមថ្លែងអំណរគុណ ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រនិងលើកទឹកចិត្ត ដល់ដំណើរការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើសុំក្រមហ៊ុនអាកាសចរណ៍ជាតិវៀតណាម សិក្សាលើការបើកផ្លូវហោះហើរថ្មីៗជាច្រើនទៀតមកកាន់កម្ពុជា ពីព្រោះប្រទេសទាំងពីរ មានសក្តានុពលយ៉ាងខ្លាំង លើការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ក្នុងការបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ និងពាណិជ្ជកម្មផងដែរ។
សូមបញ្ជាក់ជូនថា មកដល់ពេលបច្ចុប្បន្ននេះ មាន៤ក្រុមហ៊ុនអាកាសចរណ៍ ដូចជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ, ក្រុមហ៊ុនអាកាសចរណ៍វៀតណាម, ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែវើ, និងក្រុមហ៊ុន អាកាសចរណ៍វៀតជេត ដែលកំពុងបម្រើការហោះហើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ ជាសរុបមានចំនួន ១១២ជើង ក្នុងមួយសប្តាហ៍ ដោយផ្សារភ្ជាប់ចំណុចហោះហើរ រវាងប្រទេសកម្ពុជា មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ហើយចំណែកពីប្រទេសវៀតណាមវិញ មានរដ្ឋធានីហាណូយ ទីក្រុងហូជីមីញ និងទីក្រុងដាណាំង។
ក្នុងឆ្នាំ២០១៨កន្លងទៅ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ បានកើនដល់ប្រមាណមួយលានប្រាំបីសែននាក់ (១.៨លាននាក់)៕