(ពោធិសាត់)៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ តាមរយៈការដាក់ចេញនូវ កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា គោលដៅអភិវឌ្ឍ សហសវត្សរ៍កម្ពុជា គោលដៅអភិវឌ្ឍ ប្រកបដោយចិរភាព ផែនការយុទ្ធសាស្រ្តជាតិស្ដីពី ពិការភាព និងការបញ្រ្ជាប បញ្ហាពិការភាពទៅក្នុងផែនការយុទ្ធសាស្ត្រ និងកម្មវិធីការងារ របស់ក្រសួង ស្ថាប័នរដ្ឋ។ នេះជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងសិក្ខាសាលាស្ដីពីការសម្របសម្រួល សមស្រប និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ ដែលរៀបចំដោយ នាយកដ្ឋានសុខុមាលភាពជនពិការ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងខេត្តពោធិ៍សាត់។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងខាងលើ ជាលទ្ធផល ជនពិការទទួលបានសេវាស្ដាលទ្ធភាពពលកម្ម កាយសម្បទា សេវាស្ដារលទ្ធភាពពលកម្ម វេជ្ជសាស្រ្ត ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានអាហារូបករណ៍ និងសេវាស្ដារលទ្ធភាពពលកម្មនៅតាមសហគមន៍ដោយឥតគិតថ្លៃ ដើម្បីបង្កើនលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងការប្រកប មុខរបរ និងស្វែងរកការងារធ្វើ ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាការចូលរួមសកម្មភាពនានានៅក្នុងសង្គមផងដែរ។
តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចរូបនេះ បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយច្បាប់ស្ដីពិការកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការសម្របសម្រួល និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដើម្បីជម្រុញឲ្យស្ថាប័នរដ្ឋ និងផ្នែកឯកជន ចូលរួមអនុវត្តតាមរយៈការគិតគូររៀបចំកែលម្អរហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តតាមទីកន្លែងសាធារណៈស្របតាមស្ដង់ដារបច្ចេកទេស បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការក្នុងការប្រើប្រាស់ ចល័តទីធ្វើដំណើរ និងការប្រាស្រ័យទាក់ទង ដើម្បីឲ្យពួកគាត់ទទួលបាននូវសេវាដែលផ្ដល់ឲ្យដោយស្ថាប័នសាធារណៈ និងឯកជនទាំងនោះ។
សិក្ខាសាលារបស់យើងនាឪកាសនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងតួនាទីជាអ្នកប្រតិបត្តិ ដើម្បីសិក្សា ស្វែងយល់ពីច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានស្ដង់ដារបច្ចេកទេស ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមទីកន្លែងសាធារណៈទាំងរដ្ឋ និងឯកជន ដើម្បីផ្ដល់ការសម្របសម្រួលសមស្រប និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ក្នុងការចល័តទី ធ្វើដំណើរ និងប្រើប្រាស់ ឆ្លើយតបនិងតម្រូវការរបស់ពួកគាត់។
លោក ចេង ឡៃ អភិបាលរងខេត្តពោធិសាត់ បានលើកឡើងថា សិក្ខាសាលាស្ដីពីការសម្របសម្រួល និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដើម្បីជម្រុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្ថិតក្នុងខេត្តពោធិ៍សាត់ ពិតជាមានសារៈសំខាន់ណាស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់នូវការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការតាមរយៈការចូលរួមអនុវត្តសកម្មភាពនានា សំដៅ កាត់បន្ថយភាពក្រីក្រ របស់ជនពិការ កំណើនការងារ និងអាជីពសមស្របសំរាប់ជនពិការ ក៏ដូចជាការជំរុញអោយជនពិការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលបម្រើការងារក្នុងវិស័យរដ្ឋនិងឯកជន ទៅតាមសមត្ថភាពរបស់បងប្អូនជនពិការ។
គួរបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តពោធិ៍សាត់ បានយកចិត្តទុកដាក់ខ្ពស់ លើវិស័យពិការភាពនៅទូទាំងខេត្ត ការងារពិការភាព គឺជាកិច្ចការពហុវិស័យដែល ទាមទារ ឲ្យយើងទាំងអស់គ្នា លើកកម្ពស់ស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីចូលរួមចំណែកផ្តល់ការសម្របសម្រួលសមសម្របដល់ជនមានពិការភាព ក្នុងការទំនាក់ទំនង ការចល័តទីនិងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រោះថា ជនពិការ ក៏ជាប្រភពធនធានមួយដ៏មានសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕