(តាកែវ)៖ បុរសម្នាក់ដោយសារមានជំងឺសសៃប្រសាទ បានយកប្រេងសាំងទៅចាក់ដុតឥវ៉ាន់ចាប់ហ៊ួយ មុង ភួយ ទាំងកណ្ដាលអាធ្រាត្រ តែប្រពន្ធឃើញក៏រត់ទៅឆក់យកដបសាំង បណ្ដាលឱ្យខ្ទាតប្រេងចេញពីដបឆេះរលាករងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមះ រាជធានីភ្នំពេញ។
ដោយឡែកបុរសជាប្ដីក៏បានយកកាំបិតអារ.ក ធ្វើអត្តឃាតតាមក្រោយ តែមិនបានសម្រេចបានត្រឹមរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
យោងតាមលោក ង៉ាន់ សារី អធិការនគបាលស្រុកបាទី បានឱ្យភ្នាក់ងារ Fresh News ដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា បុរសជាប្តីឈ្មោះ ព្រំ តាំ អាយុ ៣៨ឆ្នាំ ជាកម្មករសួនសត្វភ្នំតាម៉ៅ ដែលដេកនៅយ៉មុខផ្ទះ បានយកសាំងមួយដបទៅដុតឥវ៉ាន់លក់ចាប់ហ៊ួយ ដែលប្រពន្ធរបស់ខ្លួន ឈ្មោះ លន់ គឹមណេ អាយុ ៣៥ឆ្នាំ កំពុងតែដេកនៅក្នុងតូបលក់ដូរនោះ ពេលឃើញប្តីយកសាំងទៅដុតដូចនេះ ក៏ស្ទុះទៅដណ្ដើមយកដបសាំង ក៏កំពប់ស្រោចមកលើខោអាវខ្លួនបណ្ដាលឲ្យឆាបឆេះរលាកធ្ងន់ធ្ងរ ហើយត្រូវបានយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមះ ក៏ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេកក៏ស្លាប់តែម្ដងនៅថ្ងៃនេះ។
ដោយឡែកបុរសជាប្ដីក៏បានរត់ចេញពីផ្ទះបាត់ លុះពេលរសៀលទើបក្រុមគ្រូសារបានរកឃើញ ដេកនៅក្នុងប្លុកឈាមក្រោយសួនសត្វភ្នំតាម៉ៅ ដោយបានយកកាំបិតតាំងតោអារ.ក សំលាប់ខ្លួនឯង ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រូសារយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោកអធិការស្រុកបាទី បានឱ្យដឹងដែរថា បុរសជាប្ដីមានជំងឺឈឺក្បាលមិនឈប់ឈរ «សសៃប្រសាទ» ប្រមាណ៥ខែមកហើយ ហើយក្រុមគ្រូសារក៏បានយកទៅព្យាបាលជាច្រើនលើកច្រើនសារ នៅក្នុងប្រទេស និងប្រទេសវៀតណាម ក៏ប៉ុន្តែជំងឺនេះមិនជាសះស្បើយនោះទេ។ ដូច្នេះករណីនេះមិនមែនជាករណីឃាតកម្មគិតទុកជាមុននោះទេ ក៏ប៉ុន្តែនៅពេលដែលជនសង្ស័យជាស្រួលបួល ហើយយើង នឹងបញ្ចូនគេទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមច្បាប់៕