(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់សិក្ខាកាមទាំងអស់ ដែលទទួលបានចំណេះដឹង ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការរៀបចំផែនការសវនកម្ម ជាពិសេសនីតិវិធីនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃអំពីសកម្មភាពអនុវត្ត នៅរៀងរាល់ឆ្នាំជាបន្តបន្ទាប់ ឱ្យទទួលបាននូវលទ្ធផលចុងក្រោយប្រកបដោយសុក្រឹតភាព និងគណនេយ្យភាពតាមការរំពឹងទុក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅក្នុងបិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីសវនកម្មផ្ទៃក្នុងជូនមន្រ្តី នៃ គ.ជ.ប កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់ៗថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គឺជាដើមទុនផ្នែកបច្ចេកទេស ក្នុងការរៀបចំផែនការ និងការអនុវត្តនីតិវិធីសវនកម្មផ្ទៃក្នុងជាពិសេស គឺជាម៉ែត្រសម្រាប់វាស់វែង ថ្លឹងថ្លែង និងវាយតម្លៃលើលទ្ធផលចុងក្រោយ នៃការធ្វើសវនកម្ម។
លោកបានបញ្ជាក់ថា ឆ្លងកាត់តាមការធ្វើបទបង្ហាញរបស់លោកគ្រូឧទ្ទេស រួមផ្សំជាមួយនឹងការខិតខំយកចិត្តទុកដាក់សហការ និងការស្តាប់យ៉ាងយកចិត្តទុកដាក់នូវគន្លឹះបច្ចេកទេសជាយុទ្ធសាស្រ្តដែលស្តែងចេញពីលទ្ធផល នៃការពិភាក្សា វាយតម្លៃលើលទ្ធផលអនុវត្ត ផែនការត្រួតពិនិត្យផ្ទៃក្នុង យើងទទួលបាននូវការយល់ដឹងថ្មី ដើម្បីធានាឱ្យបាននូវគោលដៅ ឬលក្ខខណ្ឌដែលអាចកាត់បន្ថយ ដល់កម្រិតលើការខ្ជះខ្ជាយ ការបាត់បង់ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬបែងចែកមិនសមស្រប។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង គ.ជ.ប សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ II ដោយមានអ្នកចូលរួមចំនួន ៦០នាក់ ជាមន្ត្រីមកពីទីស្តីការ គ.ជ.ប៕