(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ចំនួន១៩រូប ព្រមទាំងបានក្រើនរំលឹកឱ្យក្រុមប្រឹក្សា និងអាជ្ញាធរខេត្ត ត្រូវបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅលាសប្រជុំសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ និងតំណាងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
នៅក្នុងឱកាសនោះដែរ លោក មាស សុភា បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុម ប្រឹក្សាខេត្តព្រះវិហារ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ, គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តព្រះវិហារ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំការបោះឆ្នោត ដើម្បីបង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅ មកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង ពង្រីកដំណើរការ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែនវិមជ្ឈការ និងសហវិមជ្ឈការសំដៅ លើការផ្ទេរមុខងារអំណាច ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ការលើកកម្ពស់ការចូលរួម ភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពរបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានក្រើនរំលឹកឱ្យក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូល ស្របតាមគោលការណ៍ នីតិវិធីដែលច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់ និងត្រូវយកចិត្តទុក ដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ សម្រាប់ខេត្តការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសភាពការណ៍ទូទៅ ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ដោយមានការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត ដោយធានាបានយ៉ាងល្អប្រសើរ នូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ ។
លោកអភិបាលខេត្តបានបន្តថា ចំពោះលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ មានបេក្ខជនពេញសិទ្ធចំនួន១៩រូប មកពីគណបក្សប្រជាជនកម្ពុជា ជាប់ទាំង១៩រូប ហើយក្រុមប្រឹក្សាក្រុង-ស្រុក មានបេក្ខជនពេញសិទ្ធចំនួន១១២រូបមកពីគណបក្សប្រជាជនកម្ពុជា ជាប់ទាំង១១២រូប។ ចំពោះការចូលរួមបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ មាន៣ គណបក្សចូលរួមទី១៖ គណបក្សប្រជាជនកម្ពុជា, ទី២៖ គណបក្សសញ្ជាតិកម្ពុជា និងទី៣៖ គណបក្សខ្មែរួបរួមជាតិ។
លោក ឡុង សុវណ្ណ ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ តំណាងឱ្យក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបជាប់ឆ្នោត បានប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងរដ្ឋបាលខេត្តឱ្យមានម្ចាស់ការក្នុងការគ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន៕