(បាត់ដំបង)៖ បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធ ដោយសារតែភ្លើងប្រចណ្ឌ បានកាប់ប្រពន្ធបណ្តាលឲ្យរបួសធ្ងន់ រួចត្រូវអ្នកជិតខាងបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ រីឯប្តីស្មានតែប្រពន្ធស្លាប់ ក៏ត្រឡប់ចូលផ្ទះវិញខ្ចីកាំបិតអ្នកជិតខាងអារ-ក សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនបង្កជាប្តីមានឈ្មោះ រ៉ាត់ ចិត្រា អាយុ២៨ឆ្នាំ មានទីលំនៅកើតហេតុខាងលើ បានប្រើហិង្សាកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខណៈនោះប្ដី ស្មានថាប្រពន្ធខ្លួនបានស្លាប់ក៏រត់ទៅផ្ទះខ្ចីកូនកាំបិត អ្នកជិតខាង រួចអារ-កសម្លាប់ខ្លួនឯងតែម្ដងទៅ។
បើតាមការបំភ្លឺរបស់សាក្សីឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរ នៅមុខផ្ទះជាមួយបងប្អូនស្រាប់តែ ឈ្មោះ រ៉ាត់ ចិត្រា បានដើរមកផ្ទះរបស់ខ្លួន ហើយបានខ្ចីកាំបិត ហើយខ្លួនបានសួរថាយកកាំបិតធ្វើអី ពេលនោះជនបង្ក ប្រាប់ថាធ្វើទូរស័ព្ទវាក៏ដើរមកជិតកាំជណ្ដើរផ្ទះ រួចស្រាប់តែអារ-កខ្លួនឯងស្លាប់តែម្ដងទៅ។
បច្ចុប្បន្នសពជនបង្កត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕