(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការចុះអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករ ប្រភេទថ្មី សម្រាប់បារី ចំពោះម្ចាស់សហគ្រាសផលិតបារីក្នុងស្រុក បារីនាំចូល អ្នកលក់ និងអ្នកចែកចាយបារីក្នុងស្រុកទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា «ក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យឃ្លាំងស្តុកទុកបារី នៅតាមបណ្តាសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី ដេប៉ូចែកចាយ ស្តង់លក់បារីនៅតាមទីផ្សារ ហាងលក់ទំនិញធំៗ ផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ»។
ក្រសួងបានឲ្យដឹងទៀតថា ក្នុងពេលកំពុងចុះត្រួតពិនិត្យប្រសិនបើឃើញមានបារី ដែលដាក់នៅក្នុងឃ្លាំងស្តុក ឬកំពុងតាំងលក់បិទតែមប្រិ៍អាករប្រភេទចាស់ មិនមានបិទតែមប្រិ៍អាករ ឬបិទតែមប្រិ៍អាករក្លែងក្លាយ ក្រុមការងារចម្រុះនឹងធ្វើការឃាត់ទុក និងគ្រប់គ្រងបារីទាំងនោះ ហើយតម្រូវឲ្យអ្នកផលិតបារី អ្នកនាំចូលបារី ឬម្ចាស់បារីទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់៕