(ភ្នំពេញ)៖ លោក Tobias Adrian ទីប្រឹក្សាហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានរូបិយវត្ថុ និងទីផ្សារមូលធននៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងក្រុមបេសកកម្ម (IMF) បានកោតសសើរយ៉ាងខ្លាំង ពីភាពរីកចម្រើននៃ វិស័យសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។
ការកោតសសើររបស់លោក Tobias Adrian ធ្វើឡើងក្នុងឱកាសលោកត្រូវបានអនុញ្ញាត ឲ្យចូលជួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសរវាងធនាគារជាតិនៃកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
លោក Tobias បានលើកឡើងពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងវិស័យអចលនទ្រព្យ, វិស័យរូបវន្ត និងវិស័យធនាគារ ហើយការរីកចម្រើននេះមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ក្នុងនោះលោកបានបង្ហាញពីការគាំទ្ររបស់ IMF ទៅលើការពង្រឹងសមត្ថភាព របស់មន្ត្រីធនាគារជាតិនៃកម្ពុជាបន្តទៀត ពិសេសលើផ្នែកស្ថិរភាពហិរញ្ញវត្ថុ, ការត្រួតពិនិត្យធនាគារ និងគោលនយោបាយរូបិយវត្ថុជាដើម។
សូមបញ្ជាក់ថា IMF ជាដៃគូអភិវឌ្ឍន៍សំខាន់ សម្រាប់ធនាគារជាតិនៃកម្ពុជា ដែលតែងតែរួមចំណែក ក្នុងការអភិវឌ្ឍវិស័យធនាគារកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាលនានា លើផ្នែកសំខាន់ៗដូចជា៖ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ, ការគ្រប់គ្រងសន្ទនីយភាព និងការអភិវឌ្ឍក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចជាដើម៕