(ហ្សឺណែវ)៖ នាឱកាសថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១០៨ នៃសន្និសីទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងសន្ទរកថាយ៉ាងដូច្នេះថា ក្នុងរយៈពេល៥០ឆ្នាំមកនេះ ដែលកម្ពុជាក្លាយជាសមាជិករបស់អង្គការ ILO កម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងធំធេងក្នុងវិស័យការងារ តាមរយៈកិច្ចសហប្រតិបត្តិការរបស់អង្គការនេះ ក្នុងការអនុវត្តគម្រោងនានា។
លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាជាប្រទេសទី១ ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានលើកកម្ពស់ជីវភាពកម្មករនិយោជិតនៅក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង តាមរយៈការផ្សារភ្ជាប់លក្ខខណ្ឌការងារ ជាមួយនឹងពាណិជ្ជកម្មអន្តរជាតិ។
នេះជាមោទនភាពរបស់កម្ពុជា ដែលរហូតមកដល់បច្ចុប្បន្នគម្រោង ILO-BFC ត្រូវបានក្លាយជាគម្រោងការងារល្អប្រសើរជាសកល (Better Work Global) និងត្រូវបានកំពុងដាក់ឱ្យអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួន។
លោក អ៉ិត សំហេង បានបន្តថា កម្ពុជាជាប្រទេសឈានមុខគេ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេស ហើយបច្ចុប្បន្នបាននិងកំពុងអនុវត្តកម្មវិធីលើកទី៥នេះ សម្រាប់ឆ្នាំ២០១៩-២០២៣។ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ របស់អង្គការ ILO ដោយបានបញ្ចូលបទប្បញ្ញត្តិទាំងនេះជាច្បាប់ជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត «គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន» ដែលជាយន្តការត្រីភាគីស្របតាមយន្តការត្រួតពិនិត្យរបស់អង្គការ ILO ដើម្បីតាមដាន និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបន្ថែមទៀតថា កម្ពុជាបាននិងកំពុងអនុវត្តផែនទីបង្ហាញផ្លូវស្តីពី ការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់អង្គការ ILO។
បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង កម្ពុជាក៏ត្រូវបានទទួលស្គាល់ជាប្រទេសនាំមុខគេក្នុងការពង្រីកកិច្ចគាំពារសង្គម តាមរយៈការដាក់ចេញនូវក្របខណ្ឌជាតិគាំពារសង្គម ដែលគ្រោងនឹងដាក់ឱ្យដំណើរការរបបសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត នៅក្នុងឆ្នាំ២០១៩នេះ៕