(ហុងគ្រី)៖ ក្នុងជំនួបកំពូលរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី) សម្តេចតេជោ ហ៊ុន សែន និងលោក វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី បានឯកភាពគ្នា បើកស្ថានទូតជាថ្មីឡើងវិញ នៅឆ្នាំ២០២១ ដែលជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
មានប្រសាសន៍ក្នុងជំនួបកំពូលទ្វេភាគីនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាកន្លងមកប្រទេសទាំងពីរធ្លាប់បើកស្ថានទូត ក្នុងប្រទេសផងខ្លួនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរបានបិទស្ថានទូតរៀងៗខ្លួន តាមរយៈដំណើរទស្សនកិច្ចផ្លូវការ ទៅកានប្រទេសហុងគ្រីនៅពេលនេះ សម្តេចចង់ឃើញប្រទេសទាំងពីរ ធ្វើការបើកស្ថានទូតជាថ្មីឡើងវិញ ដើម្បីជួយគ្នាទៅវិញទៅមក ពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរបានឯកភាពគ្នាដែរថា នៅក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានឹងបើកស្ថានទូតរបស់ខ្លួន នៅទីក្រុងប៊ុយដាប៉េស ក្នុងនោះហុងគ្រីក៏នឹងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញដូចគ្នានោះដែរ។
ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះគឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។
សូមជម្រាបថា នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើង នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) ព្រមទាំងវត្តមាន លោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលហុងគ្រីជាច្រើនរូប។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីហុងគ្រី អញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី។
ក្នុងជំនួបដែលបានចំណាយពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ នាយករដ្ឋមន្រ្តី ហុងគ្រី មានប្រសាសន៍ថា លោកសូមគោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលមុនៗ សម្តេចធ្លាប់អញ្ជើញមកកាន់ហុងគ្រីជាច្រើនលើកក្តី។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលកន្លងមកសម្តេចធ្លាប់ទៅបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារចំនួន៨លើករួចមក នៅប្រទេសហុងគ្រី កាល ពីអតីតកាលក៏ពិតមែន។
នៅចំពោះមុខសម្តេចតេជោ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មានក្រុមហ៊ុនរបស់ប្រទេសហុងគ្រី កំពុងមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដែលក្នុងនោះធនាគារអាហរ័ណ នីហរ័ណហុងគ្រី នឹងផ្តល់ប្រាក់កម្ចីដល់បណ្តាក្រុមហ៊ុនទាំងនោះ ធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។
លោកបន្តថា លោកពិតជាមានការរីករាយ ចំពោះការវិវឌ្ឍន៍រីកចម្រើនខាងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនៅពេលនេះ គឺយើងពិតជារីករាយក្នុងការបើកបេះដូងដ៏ទូលំទូលាយ ក្នុងការជួយគ្នាទៅវិញទៅមក។
សម្តេចតេជោក៏បានស្នើឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ប្រទេសទាំងពីឲ្យកាន់តែមានទំហំធំឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញលោកនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ឹម នៅឆ្នាំ២០២០។
សម្តេចតេជោក៏បានស្នើឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរ ជាមួយនឹងបទពិសោធន៍ដែលហុងគ្រី ធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្ត បុរាណរបស់ខ្លួន។ សម្តេចក៏បានសន្យាថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបញ្ហាទឹក ក្នុងប្រ ទេសហុងគ្រី នៅពេលខាងមុខផងដែរ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីបានទទួលយកសំណើ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ឹម នៅពេលខាងមុខ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហុងគ្រី មានប្រសាសន៍នៅចំពោះមុខសម្តេចតេជោដែរថា អ្វីដែលលោកចង់ឃើញនោះ គឺការជួបប្រជុំនៃគណៈកម្មការចំរុះប្រទេសទាំងពីរ ពិសេសការជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដោយឈរលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងខ្លួន ពោលគឺការគោរពគ្នាទៅវិញទៅមក។
នៅក្នុងទំនាក់ទំនងទ្វេភាគីនោះដែរ ហុងគ្រីបានផ្តល់ថវិកាចំនួន១០០លានហ្វ័ររីនហុងគ្រី ដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា ក្នុងការសាងសង់មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា បារាំង ហុងគ្រី កំពង់កន្តួត ខេត្តកណ្តាល និងនៅឆ្នាំ១៩៩៧ កាកបាទក្រហមហុងគ្រី បានផ្តល់ជំនួយថ្នាំពេទ្យ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លាអាមេរិក ដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
លើការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៩១ហុងគ្រី បានរួមចំណែកបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន១៩៥នាក់។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតកម្ពុជាចំនួន៥០នាក់ បានទទួលអាហារូបករណ៍ក្រោមកម្មវិធី Sripendium Hungarian Program ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខវិជ្ជាកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត ធម្មជាតិ។ល។ ដោយឡែកក្នុង ឆ្នាំ២០១៩នេះ មាននិស្សិតកម្ពុជាចំនួន២៩នាក់ កំពុងបន្តការសិក្សានៅប្រទេសហុងគ្រី។
សូមបញ្ជាក់ដែរថា លើការបណ្តុះបណ្តាលធនធានមនុស្សនេះដែរ ឥស្សរជនជាន់ខ្ពស់កម្ពុជាចំនួន៣រូបធ្លាប់ បានសិក្សានៅប្រទេសហុងគ្រី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្នុងនោះរួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ឡុង វីសាលោ និងលោក ស សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួមមកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញក្នុងពិធីពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង នៃគណបក្សកាន់អំណាចរវាងប្រទេសទាំងពីរកម្ពុជា-ហុងគ្រី។
សូមបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ កិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទី២៖ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាងក្រសួងអប់រំយុវជន និងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ និងទី៣អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះហត្ថលេខាផងដែរ៕