(ភ្នំពេញ)៖ ដោយមើលឃើញនូវសេចក្តីត្រូវការចាំបាច់នៃការប្រើប្រាស់ជីធម្មជាតិនៅកម្ពុជានោះ វិនិយោគិនកម្ពុជា បានបង្កើតរោងចក្រផលិតជីធម្មជាតិមួយ ដែលមានឈ្មោះថា «ជីធម្មជាតិសញ្ញាផែនដី» ដើម្បីផ្គត់ផ្គង់តម្រូវការនៅកម្ពុជា និងនាំចេញទៅប្រទេសក្រៅ ដែលកន្លងមកពឹកផ្អែកទាំងស្រុងតែការនាំចូលពីជប៉ុន។
លោក ចាន់ វណ្ណៈ អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះថា «រោងចក្រផលិតជីធម្មជាតិសញ្ញាផែនដីនេះ បង្កើតឡើងរយៈពេល២ឆ្នាំមកហើយ ដោយមានការចូលរួមសហការជាមួយ ក្រុមការងារនៅក្នុងប្រទេសកម្ពុជា និងក្រុមការងារមកពីប្រទេសជប៉ុន។ ក្នុងមួយថ្ងៃក្រុមហ៊ុនផលិតជីបានជាមធ្យមចំនួន២០០តោន ហើយក្នុង១ឆ្នាំផលិតបានប្រហែលជា១០ម៉ឺនតោន»។
លោកអគ្គនាយកបន្ដថា ពីមុនជីធម្មជាតិសញ្ញាផែនដី ត្រូវបាននាំចូលពីប្រទេសជប៉ុន ប៉ុន្ដែបន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន យើងបានរៀបចំធ្វើរោងចក្រ និងមានដៃគូរសហការពីប្រទេសជប៉ុនបង្កើតរោងចក្រនៅកម្ពុជា។
លោក ចាន់ វណ្ណៈ បន្ថែមថា «ក្រៅពីផ្គត់ផ្គង់ក្នុងស្រុកក្រុមហ៊ុន បាននាំចេញជីធម្មជាតិសញ្ញាផែនដី ផលិតនៅកម្ពុជាទៅចែកចាយនៅក្នុងប្រទេសភូមាផងដែរ។ ការនាំចេញជីទៅក្រៅប្រទេសនេះ ជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា ដែលពីមុនកម្ពុជាគ្រាន់តែជាប្រទេសមួយ ដែលនាំចូលផលិតផល តែឥឡូវនេះក្លាយជាប្រទេសដែលផលិត និងនាំចេញទៅវិញប្រទេសគេវិញ»។
លោកបញ្ជាក់ថា ក្រៅពីនាំចេញទៅកាន់ប្រទេសភូមា ក្រុមហ៊ុនជីធម្មជាតិសញ្ញាផែនដី គ្រោងនឹងនាំចេញទៅបណ្ដាប្រទេសផ្សេងទៀតរួមមាន៖ ឡាវ, វៀតណាម, ហ្វីលីពីន និងម៉ាឡេស៊ីផងដែរ។
លោក ម៉ូវ សេង ប្រធានគ្រប់គ្រងបច្ចេកទេស បានឲ្យដឹងថា ជីធម្មជាតិសញ្ញផែនដី ប្រើប្រាស់បានគ្រប់ដំណាំជាច្រើនរួមមាន៖ ដំណាំយកមើម, ដំណាំយកដើម ព្រមទាំងបន្លែងផងដែរ៕