(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ២រសៀល (ម៉ោងនៅហុងគ្រី) ត្រូវនឹងម៉ោប្រមាណ ៧ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសហុងគ្រីហើយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ។
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់ហុងគ្រី និងលោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហុងគ្រី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី របស់សម្តេចតេជោ និងគណៈប្រតិភូធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán)។
ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។
កម្ពុជា និងហុងគ្រី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៦។ ទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ទៅវិញ នៅក្នុងរបបខ្មែរក្រហម ហើយត្រូវបានភ្ជាប់ទំនាក់ទំនងឡើងនៅក្នុងឆ្នាំ១៩៧៩។
ហុងគ្រី ជាប្រទេសមួយដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងរបប «រដ្ឋកម្ពុជា» បើទោះបីមានប្រទេសជាច្រើនកំពុងហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ច ជាមួយរដ្ឋាភិបាលកម្ពុជានាសម័យនោះ។ ហុងគ្រី ក៏ជាប្រទេសបានរួមចំណែកជួយដល់កិច្ចដំណើរការរបស់អ៊ុនតាក់លើដំណើរការរក្សាសន្តិភាពនៅកម្ពុជាផងដែរ។
សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញនៅមានចំនួនតិចតួចនៅឡើយ។ របាយការណ៍របស់ក្រសួងពាណិជ្ជបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ មានចំនួនជាង ១៦លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជា នាំចេញទៅហុងគ្រីមានជាង ១៣លានដុល្លារអាមេរិក ខណៈហុងគ្រីនាំចូលមកកម្ពុជាមានជាង ៣លានដុល្លារអាមេរិក។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅហុងគ្រីនាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕