(ភ្នំពេញ)៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងដោយមានការចូលរួមរបស់ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធនិងអាករ ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញថា ក្នុងខែឧសភា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៤៣,៣២ ប៊ីលានរៀល (ប្រមាណជា ១៨៥,៨៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,១២% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែឧសភា ឆ្នាំ២០១៨ ឃើញថា កើនឡើងចំនួន ២០៥,៩៥ ប៊ីលានរៀល (ប្រមាណជា ៥១,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣៨,៣៣%។
សម្រាប់រយៈពេល៥ ខែឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៥ ៣៤៣,៣៩ ប៊ីលានរៀល (ប្រមាណ ១ ៣៣៥,៨៥ លានដុល្លារអាមេរិក) ស្មើនឹង ៥៨,៣៧% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល០៥ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ១ ១៦៦,៩០ ប៊ីលានរៀល (ប្រមាណជា ២៩១,៧៣ លានដុល្លារអាមេរិក) ស្មើនឹង ២៧,៩៤%។
ទន្ទឹមនឹងនេះ ប្រតិភូរាជរដ្ឋាភិបាល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
*ទី១៖ បន្តជម្រុញនិងពន្លឿនការចុះបញ្ជីពន្ធដារ ដោះស្រាយបញ្ហាប្រឈមនិងអសកម្មនានា ក្នុងន័យប្រសើរឡើងធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ទាន់ពេលវេលាជូនអ្នកជាប់ពន្ធ និងជាពិសេសកាត់បន្ថយឱ្យបានជាអតិបរមានូវការមិនពេញចិត្តពីសំណាក់អ្នកជាប់ពន្ធ
*ទី២៖ បន្តពង្រឹងការអនុវត្ត E-VAT System បន្ថែមទៀត ក្នុងគោលដៅធ្វើឱ្យប្រសើរឡើង នូវយន្តការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ (E-VAT Refund) សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាបន្តសម្របសម្រួល និងផ្តល់សេវាគាំទ្រដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់ និងដោះស្រាយបញ្ហាមួយចំនួន ដែលតែងតែជួបប្រទះក្នុងការប្រើប្រាស់ប្រព័ន្ធថ្មីនេះ
*ទី៣៖ បន្តផ្សព្វផ្សាយប្រកាសស្តីពី ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទរកម្មសិទ្ធ ឫសិទ្ធកាន់កាប់អចលនទ្រព្យ និងឧប្បសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យថ្មី ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីដើមខែកក្កដានេះតទៅ ព្រមទាំងពង្រឹងការផ្តល់សេវាបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធនិងសិទ្ធកាន់កម្មអចលនទ្រព្យ ឱ្យបាន់កាន់តែប្រសើរឡើងដល់ប្រជាពលរដ្ឋនិងអ្នកជាប់ពន្ធ
*ទី៤៖ បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយសិក្សារៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើតឱ្យមានមជ្ឈមណ្ឌលរក្សាទិន្នន័យរួម (Big Data) របស់អគ្គនាយកដ្ឋានពន្ធដារ
*ទី៥៖ បន្តខិតខំកែលម្អការគ្រប់គ្រងប្រមូលបំណុលពន្ធ
*ទី៦៖ ពង្រឹងការយកចិត្តទុកដាក់ក្នុងការធ្វើសវនកម្ម
*ទី៧៖ ផ្សព្វផ្សាយ និងដាក់អនុវត្តសាកល្បង (១)គោលការណ៍កំណត់ចំណាត់ថ្នាក់ (២)គោលការណ៍ណែនាំនិងនីតិវិធីស្តីពីកម្មវិធីហាត់ការ និង(៣)គោលការណ៍ស្តីពីការគ្រប់គ្រងចាត់ចែងចំនួនមន្រ្តី ក្នុងន័យបន្តអនុវត្តការងារកំណែកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស
*ទី៨៖ បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារនិងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ។
ជាកិច្ចបញ្ចប់ ប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារ ទាំងមូល៕