(ភ្នំពេញ)៖ សិក្ខាសាលាលើកទី៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពី ប្រតិបត្តិការសន្តិសុខយោធា ដែលបានដំណើរការរយៈពេល ៣ថ្ងៃ នៅសណ្ឋាគារខាមបូឌីយ៉ាណា ត្រូវបានបិទបញ្ចប់ហើយ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពិភាក្សារយៈពេល ៣ថ្ងៃមកនេះ ដែលផ្តល់សារសំខាន់ សម្រាប់ការស្វែងយល់ច្បាស់ ពីសកម្មភាពនៃច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គោរពច្បាប់មនុស្សធម៌ រាល់ពេលចុះបំពេញការងារ។
អង្គសិក្ខាសាលានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ មិនត្រឹមតែនាំមកនូវបទពិសោធន៏ និងអនុសាសន៏ល្អៗប៉ុណ្ណោះទេ តែនៅបានប្រមូលផ្តុំ បញ្ញាញាណ ដោយផ្តោតលើទស្សនៈវិស័យដ៏វែងឆ្ងាយ ដើម្បីពង្រីកនូវស្មារតីរៀនសូត្រច្បាប់មនុស្សធម៏អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាទីក្រុងហ្ស៊ឺណែវផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការគាំទ្រ និងបន្តសហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សម្រាប់ការហ្វឹកហ្វឺន ដល់កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌមនុស្សធម៌ និងការជួយដល់ជនដែលងាយរងគ្រោះ៕