(ហ្សឺណែវ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានប្ដេជ្ញាបន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ថា «គម្រោង ILO-BFC» ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត ដើម្បីពង្រឹងលក្ខខណ្ឌការងារ ផលិតភាព ការបញ្ជាទិញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
ការបញ្ជាក់ពីការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Dan Rees នាយកគម្រោងការងារល្អប្រសើរជាសកល (Better Work Global) នៃអង្គការ ILO នៅទីស្នាក់ការកណ្តាលអង្គការ ILO ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានជម្រាបជូននាយកគម្រោង Better Work Global នូវស្ថានភាពទូទៅអំពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំកន្លងមក ទទួលបានជោគជ័យ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់ ហើយកម្ពុជានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ក្នុងការបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មីបន្ថែមទៀត ដើម្បីសម្រេចបាននូវផែនទីបង្ហាញផ្លូវរបស់ ILO និងផែនការសកម្មភាពរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព។
លោក Dan Rees ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោក Dan Rees បានបន្តទៀតថា អង្គការ ILO នឹងបន្តកិច្ចសហការជាមួយកម្ពុជាបន្តទៀត ដើម្បីបង្ហាញសាធារណជនបានដឹងអំពីភាពវិជ្ជមាន នៃកិច្ចសហការគ្នាប្រកបដោយនិរន្តរភាព។
នាយកគម្រោង Better Work Global រូបនេះ បានបញ្ជាក់ពីការប្ដេជ្ញាថា លោកនៅតែបន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដើម្បីពង្រឹងលក្ខខណ្ឌការងារ ផលិតភាព ការបញ្ជាទិញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕