(ភ្នំពេញ)៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលបាន និងកំពុងឈរជើង និងដើរល្បាត នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា នឹងបន្តបង្កើនសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការបរបាញ់សត្វព្រៃ ដោយខុសច្បាប់ ទាំងក្នុងតំបន់ការពារធម្មជាតិ និងនៅតាមទីកន្លែងលក់ដូរសាច់សត្វព្រៃខុសច្បាប់មួយចំនួន។ នេះគឺជាការថ្លែងបញ្ជាក់ឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩នេះ ខណៈនៅដើមសបា្តហ៍នេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សាមគ្គីបានឆ្មក់ចុះបង្ក្រាបក្រុមជនល្មើសដែលលួចលក់សាច់សត្វព្រៃ ដោយខុសច្បាប់នៅក្នុងផ្សារស្ទឹងត្រែង។
បើតាមលោក នេត្រ ភក្ត្រា ការឆ្មក់ចូលបង្ក្រាបបទល្មើសជួញដូរសត្វព្រៃខុសច្បាប់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ដោយបានរឹបអូសសត្វអាញីចំនួន ៣ក្បាល ក្រពះកាំប្រម៉ាចំនួន២ សត្វត្រកួតចំនួនចំនួន៩គីឡូក្រាម ងៀតប្រើសចំនួន៤៧គីឡូក្រាម សាច់ជ្រូកព្រៃចំនួន ៦០គីឡូក្រាម សត្វសំពោជចំនួន១ក្បាល និងសាច់កាប្រម៉ាចំនួនជិត ៣គីឡូក្រាម។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានថ្លែងថានេះ គឺជាការបំផ្លិចបំផ្លាញសត្វព្រៃដែលត្រូវប្រឈមមុខច្បាប់។
លោកបានគូសបញ្ជាក់ថា នៅពេលដែលដឹងថា ក្រុមមន្ត្រីឧទ្យានុរក្សចូលបង្ក្រាបបទល្មើស ក្រុមជនល្មើសបានរត់គេចខ្លួនចោលសាច់សត្វព្រៃនៅក្នុងផ្សារស្ទឹងត្រែងនោះ។
សូមបញ្ជាក់ថា ផ្សារស្ទឹងត្រែងសាមគ្គី ស្ថិតក្នុងទីរួមខេត្តស្ទឹងត្រែងត្រូវបានប្រជាពលរដ្ឋស្តីបន្ទោសថាជាកន្លែងដែលក្រុមជនល្មើសតែងតែយកសាច់សត្វព្រៃទៅលក់នៅទីនោះ យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរគ្រប់គ្រងផ្សារនៅទីនោះ ហាក់ដូចជាធ្វើមិនដឹងមិនឮពីការបំផ្លាញធនធានធម្មជាតិសត្វព្រៃនេះ និងអនុញ្ញាតឱ្យជបនល្មើសដាក់លក់ដោយចំហរគ្មានញញើតឡើយ។
ចំពោះបញ្ហានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើបទល្មើសទាំងនេះ អាជីវករនិងប្រជាពលរដ្ឋដែលបានឃើញជនល្មើសលក់សាច់សត្វព្រៃ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីបរិស្ថានដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
តាមការបញ្ជាក់របស់ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា, សាច់សត្វព្រៃជាវត្ថុតាងនៃបទល្មើសដែលបានរឹបអូសទាំងអស់ត្រូវបានដុតកម្ទេចចោល ក្រោយពីបានធ្វើរបាយការណ៍រួចរាល់ ហើយកម្លាំងសមត្ថកិច្ចបាន និងកំពុងតាមរកមុខក្រុមជនប្រព្រឹត្តបទល្មើសដែលគេដឹងថា ជាជនល្មើសដុះស្លែរក្នុងអំពើបទល្មើសលក់សាច់សត្វព្រៃខុសច្បាប់នៅក្នុងផ្សារស្ទឹងត្រែង។
ជាមួយគ្នានេះ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានទទួលស្គាល់ថា បទល្មើសធនធានធម្មជាតិ និងសត្វព្រៃនៅតែកើតមាន ប៉ុន្តែលោកបាន គូសបញ្ជាក់ថាចំនួននៃបទល្មើសមានការថយចុះដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុម ជនល្មើស ការចុះផ្សព្វផ្សាយអប់រំ ណែនាំ ការចុះបិទខិត្តបណ្ណរាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ។ លោកក៏បានឱ្យដឹងផងដែរថា ដោយសារតែប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ សត្វព្រៃជាច្រើន ត្រូវបានមើលឃើញថា មានចំនួនកើនឡើងដូចជាប្រភេទសត្វជ្រូកព្រៃ ប្រើស ខ្លាឃ្មុំជាដើម។ បច្ចុប្បន្ននេះសត្វ កម្រមួយចំនួនត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់និយាយថា ទេចំពោះសាច់សត្វព្រៃ ប្រសិនបើស្រឡាញ់ធនធានធម្មជាតិ សត្វព្រៃជីវៈចម្រុះគ្រប់ប្រភេទ សូមកុំបរិភោគសាច់សត្វព្រៃ ម្យ៉ាង បរិភោគសាច់សត្វព្រៃអាចបង្កផលប៉ះពាល់ដល់សុខភាពដោយសារតែគ្មានការត្រួតពិនិត្យត្រឹមត្រូវ និង សត្វព្រៃខ្លះបង្កប់ដោយមេរោគកាចសាហាវដែលអាចសម្លាប់អ្នកហូបភ្លាមៗ៕