(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានស្នើឲ្យភាគីចិនពន្លឿនការនាំចេញផ្លែស្វាយ និងកសិផលមួយចំនួនទៀត ដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ឲ្យបានឆាប់រហ័ស។

ការស្នើរបស់លោក វេង សាខុន ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យលោក Hu Wei អនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋាបាលគយ សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្ម រួមជាមួយពិធីចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការជំរុញដំណើរការភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋាបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដោយមហាមិត្តចិនបានដើរតួយ៉ាងសំខាន់ ក្នុងការឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសមកកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលភាគីចិនបាននឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការយ៉ាងល្អប្រសើរ តាមរយៈការឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជា រហូតដល់៤០០ពាន់តោន និងថ្មីៗនេះ បានអនុញ្ញាតឲ្យចេកអំបូងលឿងកម្ពុជា ធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចព្រមព្រៀងលើផែនការសកម្មភាព ស្តីពីការជំរុញដំណើរការភូតគាមអនាម័យនេះ កម្ពុជារំពឹងថានឹងអាចនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារចិននាពេលឆាប់ៗខាងមុខនេះ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមលក្ខណៈជាស្រេច ហើយរង់ចាំផ្តល់កិច្ចសហប្រតិបត្តិការ ឲ្យអស់លទ្ធភាពក្នុងចរចារជាមួយភាគីចិន អំពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួនទៀតដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ដែលផលិតផលទាំងអស់នេះ កំពុងមានសក្តានុពលទាំងការផលិត និងតម្រូវការទីផ្សារខ្ពស់ នៅប្រទេសចិន ដូច្នេះស្នើដល់ភាគីចិនពិនិត្យ ពិចារណាជំរុញ និងពន្លឿនដំណើរការចរចានេះឲ្យបានឆាប់រហ័ស»

លោក Hu Wei បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោករដ្ឋមន្ត្រី វេង សាខុន និងសហការី ហើយលោកជម្រាបថា គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចនាផ្លូវការនាពេលនេះ គឺដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកក៏បានបញ្ជាក់ផងដែរថា អង្ករ ដំឡូងមី និងចេកអំបូងលឿងរបស់កម្ពុជា បានចូលដល់ទីផ្សារចិនប្រកបដោយសុវត្ថិភាព និងកំពុងទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ហើយលោកសង្ឃឹមថា ភាគីកម្ពុជានឹងអាចរក្សាបាននូវផលិតភាព និងជាពិសេសគុណភាព ដើម្បីធានាដល់និរន្តរភាពនៃទីផ្សារ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នារសៀលនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការងារពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើប្រធានបទសំខាន់ៗមានជាអាទិ៍៖

ទី១៖ ការផ្លាស់ប្តូរបទពិសោធន៍ និងសហការគ្នាលើការងារអនាម័យ និងភូតគាមអនាម័យទាក់ទងនឹងដំណាំរុក្ខជាតិ និងឈើហូបផ្លែ។
ទី២៖ បង្កើតកិច្ចសហប្រតិបត្តិការត្រីភាគី រវាងអង្គការសហប្រជាជាតិ អគ្គរដ្ឋាបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដើម្បីលើស្ទួយ និងអភិវឌ្ឍន៍វិស័យកសិកម្មថែមមួយកម្រិតទៀត។
ទី៣៖ ដើម្បីជំរុញ និងពន្លឿនការងារចរចារ លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យពាក់ព័ន្ធនឹងផលិតផលស្វាយ មៀន ម្រេច និងផលិតផលកសិកម្មកម្ពុជាដទៃទៀត ឲ្យបានឆាប់រហ័ស ដើម្បីឲ្យផលិតផលទាំងនោះ។ អាចនាំចូលទៅទីផ្សារចិនក្នុងរយៈពេលឆាប់ៗខាងមុខនេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតក្រុមការងារ និងជនបង្គោលតំណាងឲ្យភាគីទាំងពីរ។
ទី៤៖ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យ ជ្រើសរើស វាយតម្លៃ បង្កើន និងផ្តល់គោលការណ៍អនុញ្ញាត ដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវកម្ពុជាបន្ថែមទៀត ធ្វើយ៉ាងណាសម្រេចបាននូវកូតា៤០០ពាន់តោន ដែលបានអនុញ្ញាត។
ទ៥៖ ពិនិត្យវឌ្ឍនភាព និងស្ថានភាពនៃការស្នើសុំជាផ្លូវការ របស់ភាគីកម្ពុជាក្នុងការនាំចេញត្រីទៅទីផ្សារចិន៕