(ឈៀងរ៉ៃ)៖ ស្ថិតក្នុងក្របខណ្ឌ ACMECS (Ayeyawady-Chaophraya-Mekong Economic Cooperation Strategy) និងក្នុងក្របខណ្ឌ CLMV ដែលមានកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសឡាវ ភូមា ថៃ និងវៀតណាម បានស្នើឱ្យក្រសួងទេសចរណ៍កម្ពុជា ដឹកនាំការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកទាំងមូល។
ការស្នើនេះរបស់រដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ ACMECS នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
នេះជាកិត្យានុភាពរបស់កម្ពុជាផងដែរ ដែលត្រូវបានរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសឡាវ ភូមា ថៃ និងវៀតណាម គាំទ្រឲ្យកម្ពុជាដឹកនាំការងារទាក់ទងនឹងការអភិវឌ្ឍនធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងតំបន់ ស្របតាមផែនការសហប្រតិបត្តិការទេសចរណ៍ ACMEC ចាប់ពីឆ្នាំ២០១៩-២០២៣ និងផែនការសហប្រតិបត្តិការទេសចរណ៍ CLMV ចាប់ពីឆ្នាំ២០១៩-២០២១។
រដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចូលរួមពិធីបិទសន្និសីទអន្តរជាតិលើកទី២ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដែលបានរៀបចំឡើងកាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ និងបានផ្ដល់អនុសាសន៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍អាស៊ាន។
រដ្ឋមន្ត្រីទេសចរណ៍ខាងលើ បានកោតសរសើរចំពោះកម្ពុជា ដែលមានភាពជឿនលឿននាំមុខគេ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាននេះ ដែលមានគោលបំណងជំរុញឲ្យមានបម្លាស់ទីការងាររបស់អ្នកជំនាញមានសមត្ថភាព និងការទទួលស្គាល់ក្នុងតំបន់អាស៊ាន ក៏ដូចជាក្នុងតំបន់ ACMECS និង CLMV ទាំងមូល លើជំនាញចំនួន ៣២មុខ ស្ថិតក្នុងផ្នែកសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ តាមរយៈការបណ្ដុះបណ្ដាល ស្របតាមស្តង់ដា និងយន្តការអាស៊ាន។
បច្ចុប្បន្ន កម្ពុជាក៏ទទួលបន្ទុករៀបចំយន្តការ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្សក្របខណ្ឌអាស៊ាន ក្នុងវិស័យទេសចរណ៍ផងដែរ។
ទេសចរណ៍កម្ពុជាកំពុងបង្កើតការងារផ្ទាល់ជាង ៦២ម៉ឺននាក់ហើយ ជាមួយនឹងការរំពឹងទទួលបានទេសចរអន្តរជាតិចំនួន ៧លាននាក់ នៅឆ្នាំ២០២០, ១១លាននាក់ នៅឆ្នាំ២០១៥ និង ១៥លាននាក់ នៅឆ្នាំ២០៣០។ វិស័យទេសចរណ៍កម្ពុជានឹងបង្កើតការងារផ្ទាល់រៀងគ្នាប្រមាណ ១លាននាក់ ១.២លាននាក់ និង ២លាននាក់៕