(សិង្ហបុរី)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បន្តដឹកនាំប្រតិភូជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ នៃសាធារណរដ្ឋសិង្ហបុរី។
ជាក់ស្តែង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ឹង អេង ហេន (Ng Eng Hen) រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី បានរៀបចំទទួលអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យ៉ាងកក់ក្តៅបំផុត។
ក្នុងជំនួបនេះ លោកបណ្ឌិត អ៊ឹង អេង ហេន (Ng Eng Hen) បានបញ្ជាក់ជាថ្មីម្តងទៀតពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ។ លោកបណ្ឌិត ក៏បានអរគុណប្រទេសកម្ពុជា ដែលតែងតែគាំទ្រប្រទេសសិង្ហបុរី ក្នុងការរៀបចំកម្មវិធីអន្តរជាតិនានា។ លោករដ្ឋមន្រ្តីបញ្ជាក់ជំហរថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាដើម្បីរក្សាសន្តិភាព និងសិ្ថរភាពក្នុងតំបន់។
នៅក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងណាថា សន្តិភាព និងស្ថិរភាព ជាកត្តាជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែង ដោយសារមានសន្តិភាព និងស្ថិរភាពរយៈពេល២០ឆ្នាំចុងក្រោយនេះ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចនេះក្នុងតំបន់អាស៊ាន សន្តិភាព និងស្ថិរភាព ជាកត្តាជំរុញតំបន់នេះឱ្យបន្តការអភិវឌ្ឍ និងរីកចំរើន។ ឧត្តមសេនីយ៍ឯក មានជំនឿថាដំណើរទស្សនកិច្ចនេះ ជាការបន្តរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ កងទ័ព និងប្រជាជនទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា នៅក្នុងទំព័រ Facebook ផ្លូវការរបស់ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានសរសេរថា «ក្នុងដំណើរទស្សនកិច្ចផ្លូវការ មកកាន់ប្រទេសសិង្ហបុរីលើកនេះ លោកក៏មានឱកាសជួបជាមួយឯកឧត្តមបណ្ឌិត អឹង អេងហិន (Dr. Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ជាលើកទីពីរ ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទមួយចំនួនទាក់ទងប្រទេសយើងទាំងពីរ ក៏ដូចជាសភាពការណ៍ក្នុងតំបន់»។
លោកលោកឧត្តមសេនីយ៍ឯក បានអរគុណលោកណ្ឌិត និងថ្នាក់ដឹកនាំសំខាន់ៗរបស់សិង្ហបុរី ចំពោះការស្វាគមន៏យ៉ាងកក់ក្តៅ ព្រមទាំងការចែករំលែកនូវទស្សនៈ បទពិសោធន៍លើកិច្ចការងារសំខាន់ៗមួយចំនួន។ ឆ្លងតាមកិច្ចសន្ទនាទាំងនេះ បានបញ្ជាក់ឱ្យឃើញអំពីភាព ស្របគ្នានៃឆន្ទៈ និងគោលគំនិតរបស់ប្រទេសកម្ពុជានិងសិង្ហបុរី ក្នុងការពង្រឹង ពង្រីកទំនាក់ទំនងទាំងរវាងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត៕