(ភ្នំពេញ)៖ គិតរថយន្តដល់ពេលនេះ រថយន្តក្រុងសាធារណៈ (ពណ៌ខៀវ) ដែលជាជំនួយរបស់ជប៉ុន បានមានវត្តមាននៅរាជធានីភ្នំពេញ រយៈពេល១ឆ្នាំហើយ។ ក្នុងឱកាសខួប១ឆ្នាំ នៃជំនួយរថយន្តក្រុងនេះ លោក ហ៊ីដេហ៊ីសា ហូរីណូអុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់រថយន្តក្រុងសាធារណៈនេះ ដោយសារតែសុវត្ថិភាព និងត្រជាក់ស្រួល។
ថ្លែងតាមរយៈវីដេអូឃ្លីបមួយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បាននិយាយយ៉ាងដូច្នេះថា៖ «រថយន្តពណ៌ខៀវរបស់ជប៉ុន បានចូលមកភ្នំពេញ១ឆ្នាំហើយ តើលោក លោកស្រី ធ្លាប់ជិះរថយន្តក្រុងនោះហើយឬនៅ? នៅថ្ងៃសម្រាក ខ្ញុំ និងភរិយា ឧស្សាហ៍ជិះរថយន្តក្រុង ប្រហែលជាងរង់ចាំពី១០ទៅ១៥នាទី រថយន្តក្រុងនឹងមកដល់។ រថយន្តក្រុងមានម៉ាស៊ីនត្រជាក់ ត្រជាក់ស្រួល ហើយសុវត្ថិភាពផងដែរ។ នៅពេលជិះម្តងៗ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលឃើញប្រជាជនខ្មែរនិយាយគ្នាដោយរីករាយ»។
សូមជម្រាបថា បច្ចុប្បន្នរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន១៩០គ្រឿង និងកំពុងធ្វើដំណើរតាមផ្លូវចំនួន៧ខ្សែ ខណៈដែលចំនួនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងនេះ ក្នុងមួយថ្ងៃៗកើនដល់ជាង១ម៉ឺននាក់។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានសេចក្ដីជូនដំណឹង ពីការកែសម្រួលខ្សែរត់រថយន្តក្រុង ដែលមានស្រាប់ពីមុនចំនួន ៧ខ្សែ និងបន្ថែមខ្សែរត់ថ្មីដល់ទៅ៤ខ្សែទៀត សរុប១១ខ្សែ ដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូន របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរាជធានី។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ការកែសម្រួលខ្សែរត់ចាស់ និងកែសម្រួលខ្សែរត់ខ្សែរត់ថ្មីនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដោយសារជប៉ុនបានផ្តល់ជំនួយរថយន្ត៤១គ្រឿង។ ជាមួយគ្នានេះ ចុងឆ្នាំ២០១៨ រថយន្តក្រុង៣៩គ្រឿងទៀត សរុប៨០គ្រឿង ដែលជាជំនួយរបស់ជប៉ុន នឹងយកមកដល់កម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា អ្នកដែលទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃនោះ រួមមាន៖ កម្មករ កម្មការិនី, សិស្ស និស្សិត, ព្រះសង្ឃ, ជនពិការ, ចាស់ជរា, កីឡាករ កីឡាការិនី, និងកុមារកម្ពស់ក្រោម១ម៉ែត្រ។ ជាធម្មតាការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ តម្លៃ១៥០០រៀលក្នុងម្នាក់៕