(ត្បូងឃ្មុំ)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងផែនការ ៤ចំណុច សម្រាប់ឱ្យក្រុមប្រឹក្សាស្រុកទើបឡើងកាន់តំណែង អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការរដ្ឋបាលស្រុក សម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ពិសេសសម្រួលកម្រិតជីវភាពពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។
ពិធីប្រកាសឱ្យចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអូររាំងឪនាពេលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងក្រុមប្រឹក្សាដែលទើប ទទួលតំណែងថ្មីយ៉ាងច្រើនផងដែរ។
ផែនការទាំង ០៤ចំណុច ដែលបានលើកឡើងរួមមានទី១៖ បន្តអនុវត្តន៍ការងាររួមគ្នា ឱ្យកាន់តែល្អប្រសើរ, ទី២៖ បន្តសាមគ្គីផ្ទៃក្នុង ជាធ្លុងមួយឱ្យបានល្អ, ទី៣៖ បន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព និងទី៤៖ រួមសហការគ្នា ធ្វើយ៉ាងណាសំដៅ ឱ្យរដ្ឋបាលស្រុកអូរាំងឪ សម្រេចលទ្ធផលថ្មីៗបន្តទៀត។
បន្ថែមលើសពីនេះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំរដ្ឋបាលស្រុក ឱ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។
សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាទាំង៧ក្រុង-ស្រុក ទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន១៣៧រូប បានប្រកាសចូលកាន់តំណែងព្រមគ្នានៅថ្ងៃនេះ នៅតាមទីតាំងក្រុងស្រុកនីមួយៗផងដែរ៕