(ភ្នំពេញ)៖ ការមិនអស់ចិត្ត និងងឿយឆ្ងល់យ៉ាងខ្លាំងថា ហេតុអីបានជាទីតាំងសត្តឃាតមាន់ ដែលជះក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃ អាចបន្តអាជីវកម្មបានយ៉ាងដូច្នេះ? ទីតាំងនេះស្ថិតនៅចំណុចផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ហើយបើគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អាជីវកម្មខាងលើនៅដំណើរការដដែល បើទោះបីសាលារាជធានីភ្នំពេញ ចេញលិខិតបិទជាស្ថាពររាប់ខែមកហើយ តាមសំណើររបស់រដ្ឋបាលខណ្ឌ-សង្កាត់ ដោយរងនូវពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។
យ៉ាងណាក៏ដោយ ក្នុងដំណើរការអាជីវកម្មឡើងវិញ នៃទីតាំងសត្តឃាតមាន់នេះ ប្រជាពលរដ្ឋស្នើសុំឱ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ក្នុងបិទអាជីវកម្មសត្តឃាតមាន់នេះផង បន្ទាប់ពីពួកគាត់ទ្រាំពុំបាន ទាំងយប់ទាំងថ្ងៃនេះ កំពុងទទួលរងនូវសម្លេងរំខាន ជះក្លិនស្អុយ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារម្ចាស់អាជីវកម្មមិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស។
គួររំឭកផងដែរថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរ វិស័យខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រី សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយនាំយកលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចុះបិទទីតាំងសត្តឃាតមាន់ខាងលើនេះ ជាស្ថាពររួចហើយ ដែលមានម្ចាស់ឈ្មោះ សុខ សុគន្ធ ទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្បែរខាងជាច្រើនគ្រួសារ។
លើសពីនេះលោក លឹម សាម៉ឺឌី បានបញ្ជាក់ផងដែរថា ខណ្ឌបានបញ្ជូនឯកសារទៅសាលារាជធានីភ្នំពេញអស់ហើយ ប្រសិនជាអាច គឺបង្កើតគណៈកម្មាធិការចម្រុះ ដើម្បីចុះមកពិនិត្យលើទីតាំងសត្តឃាតមាន់នេះ ដោយមានទាំងព្រះរាជ្ញាចូលរួមផង៕