(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានជំរុញដល់មន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ខិតខំលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យមករកសេវា នៅការិយាល័យច្រក ដោយខ្លួនឯងចៀសវាងទៅពឹងពាក់អ្នកដទៃរត់ការឱ្យ។
ការលើកឡើងបែបនេះរបស់អភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់រួមគ្នានូវអគារការិយាល័យ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាល ស្រុកកំពង់សៀម ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនផងដែរ។
លោកអភិបាលខេត្តបានបន្តថា ការដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកំពង់សៀម នាពេលនេះ គឺជាការអនុវត្តនូវកម្មវិធី នយោបាយកំណែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីអនុវត្តការងារដោយផ្ទាល់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់មូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
ដោយឡែក ជាមួយនឹងលទ្ធផលជោគជ័យនេះ ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាល និងនាមលោកផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំទាំងអស់ ដែលជានិច្ចជាកាលបានគាំទ្រ ក្នុងកិច្ចដំណើរការ អនុវត្តកម្មវិធី កំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដើម្បីធានានូវការសម្រេច គោលបំណងរួម គឺការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍនៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបន្ថែមថា មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម ទើបតែមានការិយាល័យច្រកចេញចូលតែមួយ ចំនួន៣ក្រុង-ស្រុក ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្ត ក៏បានកសាងអគារការិយាល័យនេះ ដោយកំពុងដំណើរការសាង់នៅក្នុងស្រុកចំនួន៣ បន្ថែមទៀត គឺស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកចំការលើ។ ទន្ទឹមនឹងនោះដែរនាឆ្នាំ២០២០ខាងមុខ យើងក៏គ្រោងកសាងអគារការិយាល័យ ខាងលើនៅក្នុងស្រុកចំនួន៤ បន្ថែមទៀត ដើម្បីមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដូចៗគ្នា នៅទូទាំងខេត្តកំពង់ចាមតែម្តង។
តាមលោកអភិបាលខេត្ត ដោយការមើលឃើញអំពីសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងសេវារដ្ឋបាល ដាច់ដោយដុំៗ និងច្រើនកន្លែង ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឱ្យមានច្រកចេញចូលតែមួយនេះឡើង។ ដូច្នេះ ពេលនេះ ការិយាល័យខាងលើ មានវត្តមាននៅនឹងមូលដ្ឋានរបស់បងប្អូនហើយ លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ មកប្រើប្រាស់សេវានេះដោយខ្លួនឯង ដោយមិនត្រូវពឹងពាក់អ្នកដទៃរត់ការឱ្យខ្លួនឡើយ។
ក្រៅពីនោះ មន្ត្រីរាជការ និងមេភូមិ ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសម្នាក់ៗ ត្រូវចេះលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋត្រូវការសេវា មកកាន់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដោយខ្លួនឯង ពីព្រោះថាបើធ្វើដូច្នេះ នឹងធ្វើឱ្យពួកគាត់មិនក្លាចរអា និងថែមទាំងបានយល់ដឹងអំពីនីតិវិធីរដ្ឋបាលមួយចំនួននៃតម្លៃសេវា ខណៈដែលមន្ត្រីជំនាញកំពុងបំពេញកិច្ចការ ប្រចាំថ្ងៃ៕