(កំពង់ឆ្នាំង)៖ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ គឺមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយ ការលំបាក របស់ជនមានពិការភាព នៅក្នុងសង្គម ក៏ដូចជា ការជំរុញការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សិទ្ធិសុខុមាលភាពជនពិការ ការដាក់បញ្ចូលបញ្ហាពិការភាពក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងគោលនយោបាយ កម្មវិធីការងារគ្រប់ក្រសួងស្ថាប័ន និងអជ្ញាធរគ្រប់លំដាប់ថ្នាក់។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ លើអតីតយុទ្ធជនពិការ និងបានទទួលរបបឧបត្ថម្ភពីរដ្ឋ ដើម្បីឲ្យ ជនមានពិការភាព គ្រប់ប្រភេទ បានទទួលសេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឥតគិតថ្លៃ សេវា អក្សរស្ទាបនិងភាសាសញ្ញាសម្រាប់ជនពិការជាដើម។

នេះជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងសិក្ខាសាលាស្តីពីការសម្របសម្រួលសមស្រប និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដើម្បីជំរុញការអនុវត្តច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ថ្ងៃទី១៣-ខែមីថុនា ឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង។

លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា សិក្ខាសាលានេះ រៀបចំក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការត្រង់ជំពូក៥ មាត្រាទី២១ ដើម្បី ជំរុញឲ្យ មន្ទីរស្ថាប័នរដ្ឋ និងវិស័យឯកជន អនុវត្តការសម្របសម្រួលសមស្រប និងការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ ក្នុងការទំនាក់ទំនងប្រើប្រាស់ទីកន្លែងសាធារណៈ។

តំណាងរដ្ឋមន្រ្តី វង សូត បានឲ្យដឹងទៀតថា សិក្ខាសាលានេះនិងជំរុញឲ្យមាន ការកាត់បន្ថយការរើសអើងលើជនពិការ ពង្រឹងទស្សនៈមើលឃើញសមត្ថភាព របស់ជនពិការ ប្រសើរជាង មើលឃើញពិការភាព ដោយផ្តល់ឱកាសស្មើភាពការធ្វើដំណើរចល័តទីរបស់ជនពិការ ការបង្កលក្ខណៈងាយស្រួលចេញចូលសម្រាប់ ជនពិការ គ្រប់ប្រភេទដូចជា ការធ្វើជម្រាលការ បំពាក់ឧបករណ៍ ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ផ្លាកសញ្ញានានា និងការទទួលសេវាអប់រំក្នុងការបង្កើតមុខរបបរ ដោះស្រាយ ការងារ បង្កើនប្រាក់ចំណូល សុខាភិបាល សង្គមកិច្ច រួមទាំងសកម្មភាពនយោបាយ និងការអភិវឌ្ឍសង្គម ។

ជាមួយគ្នានោះ លោក ហ៊ី ណាត អភិបាលរង ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យពិការភាពនៅទូទាំងខេត្ត ព្រោះថាការងារពិការភាពគឺជាកិច្ចការងារពហុវិស័យ ដែលទាមទារអោយយើងទាំងអស់គ្នា បន្តលើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះការអនុវត្ត ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ។

លោក ហ៊ី ណាត បានបន្តថា ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង មានឆន្ទៈក្នុងការជម្រុញឲ្យមន្ទីរ អង្គភាព វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដៃគូរ ត្រូវខិតខំអនុវត្តលិខិតបទដ្ឋានជាតិ និងលិខិតរូបករណ៍អន្តរជាតិ ដែលមានក្នុងផែនការសកម្មភាពរបស់ក្រសួង ក៏ដូចជាសាលាខេត្ត ដែលនឹងត្រូវចូលរួមអនុវត្តដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយផ្តោតលើកិច្ចការងារសំខាន់ៗ ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការ តាមរយៈការចូលរួមអនុវត្តសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ក៏ដូចជាជំរុញអោយជនពិការបានចូលធ្វើការនៅតាមរោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន។ កន្លងមកក៏ដូចជាបច្ចុប្បន្ន នៅក្នុងខេត្តកំពង់ឆ្នាំង បានផ្តល់លទ្ធភាពដល់ជនពិការគ្រប់រូបទទួលបានសេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាព ព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការក្នុងការ សម្តែងមតិទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយទៅតាមសមត្ថភាព និងលទ្ធភាពរបស់បងប្អូនជនពិការ ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវ ដល់គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលនៅទីកន្លែងសាធារណៈ សម្រាប់ជនពិការគ្រប់ប្រភេទ ដើម្បី បង្កើនការយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិព្រមទាំងបានបំផុសលើកទឹកចិត្ត ដល់ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានាឲ្យចូលរួមឧបត្ថម្ភជនពិការផងដែរ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ជំរុញកំណើនសិក្សារបស់ជនពិការ ដោយបានបង្កើត វិទ្យាស្ថានអប់រំពិសេស ដើម្បីបង្រៀននិងបណ្តុះ បណ្តាលដល់គរុសិស្ស និស្សិតពិការ លើជំនាញអប់រំសិស្សមានពិការភាព៕