(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្ដីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពស្ថាបនាលូកាយ ប្រឡាយបើកមុខទឹក ស្ថិតក្នុងភូមិសាស្ត្រខាងជើង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់កាកាបទី១ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខណៈដែលតំបន់នេះនៅតែប្រឈម នឹងការលិចលង់ដោយជំនន់ទឹកភ្លៀង ពេលដែលភ្លៀងធ្លាក់ខ្លាំងម្ដងៗ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង បានសម្រេចឲ្យស្ដារប្រឡាយ និងការដាក់លូ ដើម្បីរំដោះទឹកភ្លៀងចេញពីតំបន់មួយចំនួន នៅក្នុងសង្កាត់ចោមចៅ៣ សង្កាត់កាកាប១ សង្កាត់កាកាប២ និងមួយប៉ែកទៀត នៅក្នុងខណ្ឌសែនសុខ។
ដើម្បីឲ្យដំណើរការ នៃការស្តារឡាយ និងការដាក់លូ ដំណើរការទៅបានរលូន និងរួចរាល់ទៅតាមផែនការ និងទៅតាមលក្ខណៈបច្ចេកទេសផងនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះមកពិនិត្យស្ថានភាព ជាក់ស្តែងតែម្តង។
ក្នុងការចុះពិនិត្យនោះឃើញថា មានលំនៅដ្ឋាន មិនរៀបរយមួយចំនួន បានសង់រំលោភប្រឡាយតែម្តង។ ជុំវិញបញ្ហានេះលោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរដែនដី ធ្វើសេចក្តីជូនដំណឹង ដើម្បីឲ្យប្រជាពលរដ្ឋរុះរើ លំនៅដ្ឋានរបស់ខ្លួន ចេញពីលើតួឡាយ ដើម្បីឲ្យមន្ត្រីជំនាញ ក៏ដូចជាមន្ទីរជំនាញងាយស្រួល ក្នុងការស្ដារប្រឡាយនេះ។
ដោយឡែក រោងចក្រមួយកន្លែងភូមិត្រពាំងជ្រៃ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ធ្វើការណែនាំឲ្យអាជ្ញាធរដែនដី ជំរុញឲ្យរោងចក្រខាងលើ ធ្វើការដាក់លូទំហំ២ម៉ែត្រ ជំនួសលូចាស់ ដែលមានទំហំត្រឹមតែ៨តឹក ប្រវែង២០០ម៉ែត្រ ដោយតភ្ជាប់ទៅប្រឡាយភូមិចំការឪឡឹក។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានី ត្រូវដាក់លូទំហំ២ម៉ែត្រ ប្រវែង១,១៧០ម៉ែត្រថែមទៀត។
ប្រឡាយ ដែលបាននិងកំពុងស្ដារនេះ បានចាប់ផ្តើមពីប្រឡាយរ៉ាដា រហូតទៅដល់ប្រឡាយទួលសំពៅ។ បើតាមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកផ្នែកខាងត្បូង ផ្លូវសហព័ន្ធរុស្ស៊ី ដោយមិនឲ្យទឹកហូរចូល ទៅក្នុងព្រលានយន្តហោះអន្ដរជាតិភ្នំពេញ។ រំដោះទឹកមិនឲ្យទឹកភ្លៀងលិចលង់នៅ ភូមិត្រពាំងជ្រៃ ភូមិត្រពាំងពោធិ៍ ព្រៃព្រីងខាងជើង ភូមិព្រៃទា សង្កាត់កាកាប១ សង្កាត់កាកាប២ សង្កាត់ចោមចៅ៣ និងមួយផ្នែកទៀតរំដោះទឹក នៅក្នុងខណ្ឌសែនសុខ ។
ជាមួយគ្នានោះ អភិបាលរាជធានី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញដែលចុះដោះស្រាយផលប៉ះពាល់ ក្នុងការស្ថាបនាគម្រោងនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការស្ថាបនា៕