(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៣ ក្រោមអធិបតីភាព កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។
ទេសរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលខេត្តត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងារ របស់ក្រុមការងារ ដែលចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា សំដៅរួមគ្នាធ្វើការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់អំពីកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព គោលនយោបាយតាមវិស័យ ក៏ដូចជា សភាពការណ៍នានារបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍ នៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។
ទេសរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើ ២ចំណុចដល់ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តឲ្យចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវកត្តា២ចំណុច ដើម្បីលើកស្ទួយសន្តិភាពដែលកម្ពុជា កំពុងតែមានសព្វថ្ងៃ ដែលកត្តាទី១ ៖ សុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងការរឹងមាំផ្នែកសេដ្ឋកិច្ច គឺធ្វើឲ្យសេដ្ឋកិច្ចមានកំណើន មានសមធម៌សង្គម និងការកាត់បន្ថយភាពក្រីក្រ៕