(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X-Factor Cambodia រដូវកាលដំបូង បានប្រកាសបើកជាផ្លូវការក្រោមការឧបត្ថម្ភពី ធនាគារ ជីបម៉ុង ផ្សារទំនើបជីបម៉ុង និងផលិតផលក្រុមហ៊ុនខ្មែរប៊ែវើរីជីស គឺភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធកម្ពុជា។
សន្និសីទព័ត៌មានប្រកាសបើកកម្មវិធីប្រកួតចម្រៀង X-Factor Cambodia បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រោមវត្តមានតំណាងម្ចាស់កម្មសិទ្ធិកម្មវិធី X-Factor គណៈកម្មការ Judge ទាំងបួនរូប និងតំណាងម្ចាស់ឧបត្ថម្ភកម្មវីធីទាំងអស់។
នាយិការទីផ្សារ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស អ្នកស្រី គង់ កុសល បានថ្លែងកោតសរសើរដល់ស្ថានីយទូរទស្សន៍ ហង្សមាស HDTV ដែលតែងនាំយកកម្មវិធី ប្រឡងទេពកោសល្យលំដាប់ពិភពលោកបែបនេះ មកកាន់ប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា «ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធកម្ពុជា តែងតែចូលរួមគាំទ្រដល់កម្មវិធី ផ្ដល់ឱកាសដល់យុវជនដែលចង់សម្រេចក្ដីស្រម៉ៃរបស់ខ្លួន តួយ៉ាងដូចជាឧបត្ថម្ភកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោក X-Factor Cambodia នេះអញ្ចឹង»។
នាយិការទីផ្សារដដែល ក៏លើកទឹកចិត្តដល់បេក្ខជនដែលបានដាក់ពាក្យ និងធ្វើតេស្តសំឡេង ជម្រុះនៅវគ្គដំបូងៗ មិនទាន់បានជោគជ័យ កុំទាន់អាលបោះបង់ចោលក្តីស្រម៉ៃ ចង់ក្លាយជាតារាចម្រៀងនេះឲ្យសោះ។
អ្នកស្រីបញ្ជាក់បន្ថែមដូច្នេះ «សូមសាកល្បងម្តងទៀតរាល់ពេលណាដែលមានឱកាស ព្រោះបរាជ័យគ្រាន់តែជាគ្រឿងផ្សំ ដើម្បីបង្កើតភាពជោគជ័យតែប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺការតាំងចិត្ត ហ្វឹកហាត់សំឡេង និងប្តេជ្ញាថាមិនបោះបង់ការព្យាយាម»។
សូមបញ្ជាក់ថា កម្មវិធី X-Factor Cambodia នឹងផ្សាយផ្ទាល់សម្រាប់វគ្គផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ៕